(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី០៥ (២០១៥-២០១៩) នៅថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ នៅ​សាលសន្និសីទ​ចតុមុខ​ ដេីម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ក្រោមអធិបតីភាព​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិ» គឺជាប្រធានបទនៃទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩នេះ ហើយទិវានេះមានគោលដៅរៀនសូត្រ និងបណ្តុះគំ​និតយុវជនជំនាន់ក្រោយឱ្យយល់ពីតម្លៃវប្បធម៌ជាតិ ជាពិសេសជាឱកាស នៃការជួបជុំសិល្បករ-សិល្បការិនីទូទាំងប្រទេស ជាមួយថ្នាក់ដឹកនាំ ក្នុងបុព្វហេតុនៃការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។

គោលបំណង​សំខាន់​នៃ​មហោស្រព​សិល្បៈ​នេះ គឺ​ដើម្បី​អប់រំ​ និង​បណ្តុះបណ្តាល​យុវជន​ខ្មែរ ពិសេស​សិស្ស​ថ្នាក់​មធ្យម និង​និស្សិត​ថ្នាក់​ឧ​ត្ត​ម​ឲ្យ​បាន​យល់ដឹង​ពី​តម្លៃពិត​ និង​បច្ចេកទេស​សម្តែង​សិល្បៈ​ប្រពៃណីជាតិ​ ក៏ដូចជាសំដៅ​ជំរុញឱ្យ​មាន​ទឹកចិត្ត​ស្រលាញ់​ ស្មារតី​ថែរក្សា និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ឲ្យ​មាន​ចីរភាព និង​រីកចម្រើន​ស្របតាម​សម័យកាល។

ទិវាវប្បធម៌ជាតិ ៣ មីនា​ នឹងមាន​ការចូលរួម​ប្រកួត​ប្រជែងពី​ក្រុម​សិល្បៈ​យុវជន​រាជធានី-ខេត្ត សរុបចំ​នួន៤៦ក្រុម និងការតស៊ូមតិ ពិភាក្សាវែកញែក ស្តីពីចំណេះដឹងលើវិស័យវប្បធម៌ សម្រាប់ថ្នាក់ឧត្តមដែលមកពី​សាកលវិទ្យាល័យ​នានា។ ក្នុងនោះ មានការសម្តែង​របាំ និង​ឈុត​ល្ខោន​អប់រំ​ខ្លី ដែល​បើក​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​សេរី។

គួរជម្រាបថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ និងតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិលើកទី២១ ក្នុងឆ្នាំនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងកម្មវិធីសិល្បៈពិសេស ដែលរួមមាន ទស្សនីយភាពសិល្បៈរបាំប្រពៃណី ទំពាំវប្បធម៌ថ្មី ចម្រៀងនិងរបាំទំនើបកម្ម របស់ជនជាតិដើមភាគតិ នៅភូមិភាគឥសាន្ត និងការបង្ហាញពីសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត រួមទាំងស្នាដៃឯករបាំប្រពៃណី របាំសហសម័យខ្មែរ និងឈុតល្ខោនអប់រំផងដែរ៕