(ភ្នំពេញ)៖ នៅក្នុងវេទិកាតុមូលមួយដែលរៀបចំដោយរាជបណ្ឌិត្យសភា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវក្តីរំពឹងថាសហភាពអឺរ៉ុប អាចនឹងមិនព្យូរ ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា នោះឡើយ។

ការមានជំនឿចិត្តបែបនេះដោយសារតែប្រទេសកម្ពុជា បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ពាក់ព័ន្ធនានាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយក៏បានគោរពបានយ៉ាងល្អប្រសើរនូវច្បាប់ការងារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក សុខ សុភ័ក្រ្ត។

លោក សុខ សុភ័ក្ត្រ ថែមទាំងបានអះអាងទៀតថា ក្នុងចំណោមប្រទេសទទួលបានការអនុគ្រោះពន្ធបើធៀបទៅនឹងឡាវ បង់ក្លាដេស និងបណ្តាប្រទេសមួយចំនួនទៀត ស្ថានភាពនៃការគោរពច្បាប់នានាលើវិស័យការងារ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាដើម គឺកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសទាំងនោះ។

សូមបញ្ជាក់ថា គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។

ការសម្រេចចាប់ផ្តើមនីតិវិធីនេះ ធ្វើឡើងបន្ទាប់ពីអឺរ៉ុប បានចោទប្រកាន់លើ រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធនឹងការគោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។ ការចូលជាធរមាន នៃការដក EBA អាចនឹងធ្វើឡើងនៅក្នុងរយៈពេល១៨ខែក្រោយ ពោលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២០។ តែទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុប ក៏បានទុកពេលវេលា០៦ខែ ដើម្បីចរចាជាមួយរដ្ឋាភិបាលកម្ពុជា ផងដែរ។

យ៉ាងណាក៏ដោយនៅក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើជាថ្នូរទៅនឹងជំនួយណាមួយ របស់បរទេសនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជាថា ទោះបីជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏កម្ពុជា មិនស្លាប់នោះដែរ ហើយក៏មិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានដែរ៕