(តាកែវ)៖ ព្រះករុណា ព្រះបាទ សមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រះអង្គបានស្តេចយាងចុះមកសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្រ្តជាកសិករជាង៥០០គ្រូសារ នៅក្នុងឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងបងប្អូនប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវព្រះរាជហឫទ័យ សប្បាយរីករាយក្រៃលែង ដោយបានយាងមកជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ជាពិសេសព្រះអង្គបានទតផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ។

ព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង ព្រះអង្គក៏បានពាំនាំនូវព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

នៅក្នុងឱកាសនោះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោស ព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករចំនួន ៥៣៩គ្រួសារ។

ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី១កេស ត្រីខ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺតមានស្លាកព្រះរាជ អំណោយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀលផងដែរ៕