(បន្ទាយមានជ័យ)៖​ មួយថ្ងៃពេញ​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ក្នុងឱកាសទិវាបុណ្យនៃក្តីស្រឡាញ់​ ១៤​ កុម្ភ:​ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ សាខាស្រុកមង្គលបូរី​ និងរដ្ឋបាលស្រុកមង្គលបូរី ដឹកនាំដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក បានចែករំលែកក្តីស្រឡាញ់​ តាមរយៈការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការរៃអង្គាសថវិកានេះ គឺបា​នរួមចំណែកជួយដល់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ ទោះបីវាមិនអាចគ្របដណ្តប់ទាំងស្រុង​ លើការចំណាយព្យាបាលកុមារ ដោយឥតគិតថ្លៃពីមន្ទីរពេទ្យគន្ធបុប្ផាក៏ពិតមែន​ ប៉ុន្តែវាគឺជាការបន្ធូរបន្ថយការលំបាកផ្នែកហិរញ្ញវត្ថុ និងរក្សាបាននិរន្តភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា នាពេលបច្ចុប្បន្ន​ និងទៅអនាគតបា​នមួយផ្នែកផងដែរ​ ហើយការបរិច្ចាគនេះ ពិតជាបានរួមចំណែក យ៉ាងធំធេងក្នុងការជួយសង្រ្គោះដល់ជីវិតកុមារកម្ពុជារាប់ម៉ឺននាក់​ ដែលកំពុងទទួលបា​ននូវសេវាព្យាបាល​ ពីមន្ទីរពេទ្យគន្ធបុប្ផា រៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ។

នៅក្នុងឱកាស យុទ្ធនាការរៃអង្គាសដែលមានការសហការរវាង ស.ស.យ.ក ស្រុកមង្គលបូរី និងរដ្ឋបាលស្រុកមង្គលបូរី មានយុវជនស្ម័គ្រចិត្តចូលរួម១០០នាក់ ដើម្បីជួយដល់មន្ទីរគន្ធបុប្ផា ក៏ដូចជាជួយកុមារកម្ពុជា គឺទទួលបានថវិកាពីសប្បុរសជនចំនួនជាង ៤លានរៀល។

គួររំលឹកថា នាពេលកន្លងមករដ្ឋបាលស្រុកមង្គលបូរី និង ស.ស.យ.ក ស្រុក តែងតែមានសកម្មភាពរាល់ការងារសង្គម ដូចជាចុះអប់រំ ផ្សព្វផ្សាយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងចរាចរណ៍ជាដើម ក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍រួម ពិសេសគឺប្រជាពលរដ្ឋ៕