(ព្រះវិហារ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់លើការងារដោះស្រាយវិវាទដីធ្លី, ការងាររដ្ឋបាលដីធ្លី, ការងាររៀបចំដី និងនគររូបនីយកម្ម, ការងារសំណង់ និងការងារលំនៅដ្ឋាន រួមទាំងការងារពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវអនុវត្តសម្រេចឲ្យបានក្នុងឆ្នាំ២០១៩នេះ ក៏ដូចជាចំណុចសំខាន់ៗមួយចំនួនទៀត។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង ក៏បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី និងមន្ត្រីសុរិយោដី ក្នុងខេត្តព្រះវិហារ ត្រូវបន្តស្មារតីសាមគ្គីភាព ឯកភាព និងសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តផែនការការងាររបស់ខ្លួន ឲ្យសម្រេចបាន ក្នុងស្មារតីបន្តជំរុញការកែទម្រង់ស៊ីជម្រៅ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព។

ការថ្លែងបែបនេះរបស់លោករដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ក្នុងឱកាសដែលលោកតំណាងឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សិរី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងមន្ទីរអង្គភាពលោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក ឡៅ ទិព្វសីហា បានថ្លែងថា «ពេលនេះយើងឈានចូលឆ្នាំ២០១៩ហើយ ដែលជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។ អាស្រយ័ហេតុនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ត្រូវបន្តពង្រឹងស្មារតីសាមគ្គី ឯកភាព និងសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តផែនការការងារ ពិសេសជាមួយអាជ្ញាធរដែនដីរ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធពោល គឺត្រូវសម្របសម្រួល និងខិតខំសម្រេចឲ្យបានការងាររបស់ខ្លួន ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព នូវសេវាសាធារណៈ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លើវិសយ័ដីធ្លី វិស័យសំណង់តាមការកំណត់របស់ច្បាប់»

ទន្ទឹមនិងនោះលោក ឡៅ ទិព្វសីហា ក៏បានសំដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តព្រះវិហារ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់ថ្នាក់ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងការអភិវឌ្ឍន៍ខេត្តព្រះវិហារ។

ដោយឡែក លោក សំ សារឿន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានបញ្ជាក់ថា «នេះជាសន្និបាទលើកទី៣ ដែលមន្ទីររៀបចំដែនដីខេត្ត បានរៀបចំធ្វើឡើង ដើម្បីបង្ហាញអំពីសកម្មភាពការងារ ដែលមន្ទីរបានសម្រេចនាឆ្នាំ២០១៨កន្លងមកនេះ។

លោកប្រធានមន្ទីរបានបន្តថា ជោគជយ័ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារសម្រេចបាន ក្នុងឆ្នាំ២០១៩នេះ គឺបានឆ្លុះបញ្ចាំងអំពីលទ្ធផលកាន់តែប្រសើរឡើង ដែលកើតចេញពីចក្ខុវិសយ័គោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ពីសុឆន្ទះដ៏មោះមុត និងការខិតខំពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរក៏ដូចជា ការចូលរួមពីស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តផងដែរ៕