(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​កោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ ក្រោយមានព័ត៌មានអំពីករណីទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។

តាមការបញ្ជាក់របស់​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤​ ខែកុម្ភ:​ ឆ្នាំ២០១៩នេះ​ ក្រោយកោះហៅមន្ត្រីមកសាកសួរនេះ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់​បំផុត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសន្យាថា​ ខ្លួននឹងជម្រាប​ជូនសាធារណជនឲ្យបានច្បាស់លាស់ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗខាងមុខ​នេះ​។

សូមជំរាបថា ថ្មីៗនេះមានការចោទប្រកាន់យ៉ាងខ្លាំងតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់មហាជនចំពោះលោក ឃឹម ចិត្រា ដែលត្រូវបានផ្ទេរមកធ្វើជាមេប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជាអនុប្រធាននាយកដ្ឋាន ទទួលទិសទី១។

សូមបញ្ជាក់ថា កាលពីរសៀល​ថ្ងៃទី​១៧​ ខែមករា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ទោ ខឹម​ ចិត្រា​ ត្រូវបានតែងតាំងជានាយប៉ុស្តិ៍​នគរបាល​អន្តោរប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ជំនួសលោក​ឧត្តម​សេនីយ៍​ទោ​ ស៊ឹម​ សំអាត​ ជាអនុប្រធាន​នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​វិញ​។

បណ្តាញ​ Facebook បានចោទប្រកាន់ថា​ លោក ឃឹម ចិត្រា បានកំណត់ឱ្យយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត (លុយថៃ) ស្មើនឹង៧,០០០រៀល ក្នុងការប្រថាប់ត្រាលើបណ្ណព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។

តែយ៉ាងណាក៏ដោយនោះ មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទា្វរអន្តរជាតិមួយនេះ បានបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងរួចមក​ លោក ឃឹម ចិត្រា បានបង្កើនការងារគ្រប់គ្រងយ៉ាងខ្លាំង នៅក្នុងអង្គភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត លើការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីនោះផងដែរ៕