(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានចុះបង្រ្កាប និងរឹបអូសយកបានឈើលេខ១ ប្រភេទកូនក្រឡឹង (ឈើសុក្រំ) មានចំនួន៤៨១ដុំ ស្មើរ៣,៩០០ម៉ែត្រគូប ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្រុមឈ្មួញលាក់ទុក បម្រុងយកទៅលក់បន្ត។

លោក អ៊ឹម ចិត្រា បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត។ លោកបានដឹកនាំកម្លាំងសហការ ជាមួយជំនាញរដ្ឋបាលព្រៃឈើ ចុះទៅដល់ទីតាំងដែលក្រុមឈ្មួញលាក់ទុកឈើ ប្រភេទកូនក្រឡឹង នៅផ្លូវលំ ដីសម្បទានសេដ្ឋកិច្ច ឃុំដារ ដោយកម្លាំងសមត្ថកិច្ចប្រមូលឈើបានជិត៥០០ដុំ។

លោកបានបន្ដទៀតថា តាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បញ្ជាឲ្យកម្លាំងអាវុធហត្ថគ្រប់ស្រុក-ក្រុងឲ្យចុះបង្រ្កាបឱ្យដូចភ្លៀងរលឹម។

លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានបញ្ជាក់ឲ្យដឹងថា ឈើទាំងនោះជាឈើលេខ១ ប្រភេទកូនក្រឡឹង (ឈើសុក្រំ) មានចំនួន ៤៨១ដុំ ស្មើរ៣,៩០០ម៉ែត្រគូប ហើយបច្ចុប្បន្នឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុក្ខ នៅថ្នាលបណ្ដុះកូនឈើខ្សា៕