(ភ្នំពេញ)៖ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក ញ៉ឹក វណ្ណា​រ៉ា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន​ និងយុវនីតិសម្បទា បានលើកឡើងថា ដោយសារ​កម្ពុជា គឺជា​សមាជិក នៃ អាស៊ាន ហើយ​រដ្ឋ​នីមួយៗ ត្រូវធ្វើ​នី​យ​ត្តភាព វិស័យ​ពិការភាព​របស់ខ្លួន ដើម្បី ឱ្យដឹងថា មាន​ជន​មាន​ពិការភាព​ប៉ុ​ន្មា​នាក់ ពិការ​ប្រភេទ​អ្វី ពិការ​កម្រិតណា និង ថា​តើ​យើង​បាន​យកចិត្តទុកដាក់​ជន​មាន​ពិការភាព​របស់​យើង​កម្រិតណា​ជាដើម ។

លោក ញ៉ឹក វណ្ណា​រ៉ា បានលើកឡើងថា «ដោយសារ​ទទួល​បានកា​រ​យកចិត្តទុកដាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាតិ និង អន្តរជាតិ ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ពិការភាព​គ្រប់​ប្រភេទ​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​ជា​លំដាប់ ហើយ​ឥឡូវនេះ​អ្នកពាក់ព័ន្ធ ក៏បាន​ចាប់ផ្តើម​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ជាពិសេស​លើ​វិស័យ​កុមារ​ខ្សោយសតិ​បញ្ញា ដែល​នេះ​គឺជា​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​មួយ​ជំហាន​ទៀត សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា»។

​លោក ញ៉ឹក វណ្ណា​រ៉ា ថ្លែង​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតីនៃកិច្ចប្រជុំ​ស្តីពី​ការប្រមូល​ទិន្នន័យ​កុមារ​មាន​ពិការភាព​ខ្សោយសតិ​បញ្ញា រៀបចំ​នៅ​ឯក​ស្រួ​ង​សង្គមកិច្ច កាលពីពេលថ្មីៗនេះ ដោយមាន​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង អន្តរជាតិ ដែល​បាន និង កំពុងធ្វើការ​លើ​វិស័យ​ពិការភាព​នៅ​កម្ពុជាចូលរួម​។​

​ចំណែក​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច​បាន​ថ្លែងថា ទិន្នន័យ​ពិតប្រាកដ ដែល​នឹង​បានមកពី​ការប្រមែប្រមូល​តាម​បច្ចេកទេស​នេះ មាន​សារសំខាន់​ខ្លាំងណាស់ គឺ​វា​នឹង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាគី​ពាក់ព័ន្ធ​រៀបចំ​គោលនយោបាយ ដូចជា​វិស័យ​ការអប់រំ សេដ្ឋកិច្ច សុខភាព និង សេវា​គាំពារ​ផ្សេងទៀត​ដែលជា​តម្រូវ​ការចាំបាច់ របស់​កុមារ​មាន​ពិការភាព​ខ្សោយសតិ​បញ្ញា ដើម្បី ឱ្យ​ស្ថានភាព​រស់នៅ​ពួកគេ​កាន់តែ​ល្អប្រសើរ និង មាន​គុណភាព​បន្ថែម​មួយកម្រិត​ទៀត ។​

​អ្នកធ្វើការ​លើ​វិស័យ​ពិការភាព បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ប​ច្ចុ​ប្ប​នេះ​ពិការភាព មិនមែនជា​ឧបសគ្គ​រារាំង​នូវ​ការទទួលបាន​ភាព​ស្មើមុខស្មើមាត់​គ្នា​ទៅ​មនុស្ស​ដទៃ​ក្នុងសង្គម​ឡើយ ប្រសិនបើ​ពួក​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ស្តារនីតិសម្បទា និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ជាក់ស្តែង​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨ កន្លងទៅនេះ ជន​មាន​ពិការភាព ប្រមាណ​ជា ៤.៧០០ នាក់​ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង ឯកជន ។ ទោះយ៉ាងណា​ជន​មាន​ពិការភាព​ខ្សោយសតិ​បញ្ញា ទំនងជា​ប្រភេទ​ពិការភាព​ដែល​ត្រូវការ​នូវ​ការយកចិត្តទុកដាក់​ពិសេស​លើសពី​ពិការភាព​ផ្សេងៗ​ទៀត ។​

​កម្ពុជា មាន​ជនពិការ​គ្រប់​ប្រភេទ​សរុប​ប្រមាណ​ជាជាង ៥០ ម៉ឺន​នាក់ ហើយ​ជា​រៀងរាល់ឆ្នាំ មាន​ជន​ដែលមាន​ពិការភាព​ប្រមាណ​ជា ២៨.០០០ នាក់​ទទួលបាន​ការស្តា​រ​លទ្ធភាព​ពលកម្ម កាយសម្បទា​ដោយ​ឥតគិតថ្លៃ ដែល​សេវា​នេះ អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជន​មាន​ពិការភាព​នៅ​កម្ពុជា ទាំង​បរិមាណ និង គុណភាព៕