(បាត់ដំបង)៖ លោកស្រី ហុង ផានី ងួនរតនៈ ភរិយាលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកព្រះស្តេច នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ នាំយកអំណោយចុះសាកសួរសុខទុក្ខ តាមផ្ទះប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលកំពុងជួបការលំបាក ដោយសារមានជំងឺ និងមានជីវភាពខ្វះខាត នៅភូមិចម្ការឬស្សី ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។

លោកស្រី ហុង ផានី ងួនរតនៈ បានឱ្យដឹងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង តែងតែដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយដោះស្រាយកង្វល់ និងបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋរហូតមក ជាក់ស្តែងថ្ងៃនេះ ដោយទទួលបានដំណឹងពី លោកប្រធានគណបក្សសង្កាត់ព្រែកព្រះស្តេចថា មានប្រជាពលរដ្ឋចំនួន ៥គ្រួសារ កំពុងជួបប្រទះការលំបាក ជីវភាពខ្វះខាត ដោយមានជំងឺផងនោះ លោកស្រីបានឆ្លៀតពេលម៉ោងចេញធ្វើការល្ងាច ដោយចាត់ឱ្យក្រុមការងារ យកអំណោយចុះសួរសុខទុក្ខជាបន្ទាន់ ដោយលោកស្រីបានដឹកនាំសមាជិក សមាជិការបក្សសង្កាត់ព្រែកព្រះស្តេច សាខាបក្សភូមិ និងសកម្មជនបក្សមួយចំនួនទៀតដោយផ្ទាល់ផងដែរ។

លោកស្រីបានឱ្យដឹងទៀតថា អំណោយដែលបានចែកជូននេះ ថ្វីដ្បិតមានចំនួនបន្តិចបន្តួចមែន តែវាបានជួយសម្រួល សម្រាលក្នុងជីវភាពរស់នៅបានមួយរយៈដែរ។ នេះក៏អាស្រ័យដោយមាន គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំកំពូលល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានណែនាំដល់ថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់វេលា គឺត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ បើមានបញ្ហាអ្វីត្រូវជួយដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ។

បន្ទាប់ពីទទួលបានអំណោយ ពួកគាត់បានថ្លែងអំណរគុណយ៉ាងធំធេង ដល់ក្រុមការងារទាំងអស់ ដែលតែងបានចុះមកជួយរហូតមកមិនដែលខាន ធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់ និងបន្តគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសជាតិឆ្ពោះទៅមុខ ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ កាន់តែរីកចម្រើនសម្បូរណ៍សប្បាយ ដល់កូនចៅជំនាន់ក្រោយ បានរស់នៅដោយសុខសន្តិភាពតទៅ។

គួរបញ្ជាក់ដែរថា អំណោយដែលក្រុមការងារ បានចែកជូនប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលកំពុងជួបការលំបាកនោះក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី-ទឹកស៊ីអ៊ីវ១យួរ ថ្នាំពេទ្យ សារ៉ុង១ និងថវិកាមួយចំនួន ក្នុងនោះចំនួន២គ្រួសារ រស់នៅភូមិចម្ការឬស្សី ២គ្រួសាររស់នៅភូមិអូរខ្ជាយ និង១គ្រួសារទៀតមានឈ្មោះ ធឿន មុំ ភេទស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកស្តេច បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺលើសឈាម៕