(ព្រៃវែង)​៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា នៅព្រឹកថ្ងៃទី​១៤ ខែកុម្ភ: ឆ្នាំ២០១៩នេះ ​សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារក្រុងព្រៃវែង ស្ថិតនៅ​ភូមិ​០៣ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យ​មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញ ចំនួន​១២​មុខ ស្មើនឹង​១៦​គំរូ មានដូចជា៖ គុយទាវកាត់​ ត្រីងៀត ត្រីសំយ៉ុង ស្ពៃចង្កឹះ ខ្ញីហាន់ ដើមចេកហាន់ លតស្វិត នំបាញ់ឌុប ​ប្រហិតសាច់គោ ​ត្រីសាបាក់ មឹកស្រល់ បង្គាស្រស់ និងយីហ៊ី ដើម្បីរកសារធាតុគីមី ហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​។​ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម​នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ តែបានរកឃើញ​ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកប៉េងបោះ ចំនួន​១៩​កែវ ស្មើ​១៣.៣​គីឡូក្រាម, ទឹកជ្រលក់​៦​ដប ស្មើ​៣​គីឡូក្រាម, ត្រីកំប៉ុង​២​កំប៉ុង ស្មើ​០.​៥​គីឡូក្រាម, គូលែនកំប៉ុង​១​កំប៉ុង ស្មើ​០.៦​គីឡូក្រាម, នំបំពង ចំនួន​១០​កញ្ចប់ ស្មើ​១.៥​គីឡូក្រាម សរុបទំនិញខូចគុណភាព ​ដែលមន្ត្រីជំនាញដកហូត បានចំនួន​១៨.៩​គីឡូក្រាម​។

បន្ទាប់មកមន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករ​ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផល ទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល​ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕