(ភ្នំពេញ)៖ ខ្ញុំនៅចាំបានថាជិត៣០ឆ្នាំកន្លងទៅ ក្នុងឱកាសរៀបចំពិធីបដិសណ្ឋារកិច្ច យ៉ាងមហោឡារិកអធិកអធមបំផុត ទទួលស្វាគមន៍ព្រះរាជដំណើរមាតុភូមិនិវត្តន៍លើកដំបូង របស់ព្រះករុណាព្រះបាទនរោត្តម សីហនុ មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ មានបដាពាក្យស្លោកជាច្រើនត្រូវ បានតាំងជាសាធារណៈឧទ្ទិសដល់ទិវាជាប្រវត្តិសាស្ត្រនេះ​។

ក្នុងចំណោមខ្លឹមសារនៃបដាពាក្យស្លោកទាំងនោះ ខ្ញុំមានការចាប់អារម្មណ៍លើខ្លឹមសារថ្មីពីរ ដែលមិនធ្លាប់មានពីមុនមកគឺ៖ ជយោ! សន្តិភាព និងការបង្រួបបង្រួមជាតិ និង ជយោ! លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ចំពោះខ្លឹមសារនៃពាក្យស្លោក «ជយោ!លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នៅពេលនោះ (ឆ្នាំ១៩៩១) អាចឱ្យគេបកស្រាយតាមន័យពីរយ៉ាងខុសគ្នា៖ ម្យ៉ាងអាចមានន័យថា លទ្ធិប្រជាធិបតេយ្យបានកើតមានរួចមកហើយ នៅប្រទេសកម្ពុជា។ តែម្យ៉ាងទៀតក៏អាចមានន័យថាលទ្ធិប្រជាធិបតេយ្យ នឹងចូលមកដល់កម្ពុជានៅពេលខាងមុខ។ តាមការបកស្រាយទីពីរនេះ ក៏មានន័យផងដែរថា លទ្ធិប្រជាធិបតេយ្យត្រូវបាននាំចូលពីខាងក្រៅ មកកាន់ប្រទេសកម្ពុជាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស២៣តុលា ដែលបានចុះហត្ថលេខាដោយភាគីខ្មែរ ក្នុងជម្លោះប្រដាប់អាវុធនៅកម្ពុជា និងដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាចទាំង៥ ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំដឹងក្តីក្នុងទសវត្សឆ្នាំ១៩៧០ ពេលសង្គ្រាមស៊ីវិលផ្ទុះឡើង និងបានរស់រានជីវិតពីទីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ខ្លួនខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតជំនាន់នោះ ដែលជាសាក្សីរស់នៃការចងចាំរាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទឹកដីកម្ពុជា ពីអតីតកាល រួមទាំងរឿងរ៉ាវជាក់ស្តែងខ្លះនៃប្រជាធិបតេយ្យ យើងទាំងអស់គ្នាសុទ្ធតែបានទទួលស្គាល់ ការពិតមួយមិនអាចបដិសេធបាន ដែលថាមកដល់បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យបាន និងកំពុងវិវដ្តប្រែប្រួលជាវិជ្ជមាននៅកម្ពុជា។ ប៉ុន្តែមានមជ្ឈដ្ឋានខ្លះ នៅតែប្រកាន់និន្នាការមិនប្រាកដនិយម (Unrealism) មើលមិនឃើញតថភាពសង្គម ទំលាក់កំហុសពីបញ្ហាប្រឈមខ្លះ ដែលកំពុងកើតឡើងក្នុងសង្គម ទៅលើដំណើរការប្រជាធិបតេយ្យ ម្ល៉ោះហើយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ កំពុងក្លាយជាប្រធានបទនៃការតស៊ូសាធារណៈមតិយ៉ាងស្រួចស្រាល នៅក្នុងប្រទេសយើងនាពេលសព្វថ្ងៃនេះ។ សំនួរនៅតែចោទឡើងថា តើកម្ពុជាសព្វថ្ងៃជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដែរឬទេ?

ដើម្បីឆ្លើយសំនួរនេះបាន គេតោងតែយល់ដឹងឱ្យបានច្បាស់ពីលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋាននៃភាពប្រាកដនិយម និងក្នុងបរិបទជាក់ស្តែងនៃប្រទេសនីមួយៗព្រោះថា ពុំមានកុងសង់ស៊ុសទេសម្រាប់ការផ្តល់និយមន័យប្រជាធិបតេយ្យ (No consensus exists on how to define democracy)។ និយាយបែបនេះក៏មានន័យថា គេពិតជាពិបាកនឹងកំណត់វិធីសាស្ត្រវាស់កំរិត «ស្តង់ដារប្រជាធិបតេយ្យ» បានណាស់ ទោះបីជាតាមបែបបស្ចឹមប្រទេសក៏ដោយ។ ជាទូទៅ គេឱ្យនិយមន័យនៃពាក្យ «ប្រជាធិបតេយ្យ» (Democracy) ប្រែពីពាក្យដើមជាភាសាក្រិកបុរាណ «demokratia» ដែលផ្សំមកពីពាក្យថា «demos» មានន័យថា «people ប្រជាជន» និងពាក្យ «kratos» មានន័យថា «rule គ្រប់គ្រង» ពោលគឺដូចអ្វីដែលយើងធ្លាប់ដឹងទាំងអស់គ្នាថា «គ្រប់គ្រងដោយប្រជាជន ឬប្រជាជនជាអធិបតី (ជាធំ)» (rule by the people)។

ឆ្លងកាត់ការវិវដ្តរបស់សង្គមមនុស្សជាតិ ពីបុរាណមកដល់សម័យទំនើប (Modern era) ដែលចាប់ផ្តើមតាំងពីសតវត្សទី១៧ មកដល់បច្ចុប្បន្ន ពួកសង្គមវិទូបានសន្មតជាទូទៅថា ប្រព័ន្ធគ្រប់គ្រងមួយតាមបែបប្រជាធិបតេយ្យ អាចបង្កើតឡើងបានដោយការអនុវត្តសិទ្ធិអំណាច របស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ( A system of government where the citizens exercise power by voting )។

ក្រៅពីលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាឱ្យមានលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ហើយដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌ កត្តាកំណត់មួយដែលមិនអាចខ្វះបានគឺសន្តិភាព និងស្ថេរភាព។ ច្បាស់ណាស់ថា តើសិទ្ធិសេរីភាពប្រជាធិបតេយ្យ ត្រូវបានធានាយ៉ាងដូចម្តេចក្នុងស្ថានភាពសង្គមមានចលាចល ឬប្រទេសមានសង្គ្រាម? និយាយអំពីចំណុចនេះ ខ្ញុំនៅចាំបានថា នៅក្រោយពេលបញ្ចប់ការបោះឆ្នោតសកល នៅកម្ពុជាឆ្នាំ១៩៩៣ ដែលរៀបចំចាត់ចែងដោយអាជ្ងាធរបណ្តោះអាសន្ន អ.ស.ប (អ៊ុនតាក់) ពួកអ្នកកាសែត និងអ្នកសង្កេតការណ៍បរទេស មានការចាប់អារម្មណ៍ទៅលើអត្រាខ្ពស់ នៃអ្នកចេញទៅបោះឆ្នោត (the voter turnout) នៅពេលនោះមានរហូតដល់៨៩,៥៦% នៃចំនួនប្រជាពលរដ្ឋខ្មែរជាង ៤លាន ៧សែននាក់ ដែលបានចុះឈ្មោះបោះឆ្នោត។

ភ្លាមៗដោយគ្រាន់តែពិនិត្យលើចំណង់ និងសន្ទុះទឹកចិត្ត (the eagerness and enthusiasm) ក្នុងការចូលរួមបោះឆ្នោតនាពេលនោះ ពួកគេសន្និដ្ឋានថា ពលរដ្ឋខ្មែរច្រើនលើសលប់គាំទ្រ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនសូវស្របតាមពួកគេប៉ុន្មានទេ ព្រោះខ្ញុំយល់ថា បើពិនិត្យអំពីបរិយាកាសក្នុងបរិបទ នៃការបោះឆ្នោតនៅឆ្នាំ១៩៩៣ តើអ្វីទៅដែលជំរុញចំណង់ និងសន្ទុះទឹកចិត្តអ្នកបោះឆ្នោតឱ្យពុះកញ្ជ្រោល ទៅបោះឆ្នោតក្នុងអត្រាខ្ពស់បែបនេះ? បើខ្ញុំយល់មិនច្រឡំទេ ពលរដ្ឋខ្មែរទាំងអស់ដែលបានទំលាក់សន្លឹកឆ្នោត ទៅក្នុងហិបឆ្នោត គឺសុទ្ធតែមានក្តីរំពឹងដែលរង់ចាំយូរយាមកហើយនោះ គឺសុខសន្តិភាព។ ព្រោះថាក្រោយរយៈពេលសង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្ស អ្វីដែលយើងស្រេកឃ្លានជាបន្ទាន់មុនបង្អស់ គឺសុខសន្តិភាព។
ចំណែកឯលទ្ធិប្រជាធិបតេយ្យនៅពេលនោះ ពិតមែនជាក្តីរំពឹងយូរអង្វែងសម្រាប់យើង ប៉ុន្តែវាហាក់ដូចជាវិញ្ញាសាថ្មី ក្នុងក្តីស្រមៃនៅឡើយទេ។ និយាយយ៉ាងដូច្នេះ មិនមែនមានន័យថាពេលនោះ យើងមិនទាន់ស្រលាញ់ប្រជាធិបតេយ្យទេ។ ហេតុនេះហើយ បានជាសភាធម្មនុញ្ញដែលប្រសូត្រចេញ ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ បានចងក្រងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រទី២របស់កម្ពុជា ​ដោយប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។

និយាយមកដល់ត្រឹមនេះ ខ្ញុំសុំបញ្ជាក់ដោយស្មោះត្រង់ថា ខ្លួនខ្ញុំក៏ជាអ្នកស្រលាញ់ប្រជាធិបតេយ្យម្នាក់ផងដែរ ហើយក៏មិនហ៊ានតាំងខ្លួនថា ជាអ្នកចេះដឹងពីប្រជាធិបតេយ្យលើសគេឯងនោះទេ។ សូមមេត្តាចាត់ទុកគំនិតយោបល់ ដែលខ្ញុំបង្ហាញដ៏ស្តួចស្តើងនៅពេលនេះ ជាចំណែកតូចមួយដែលសន្សំ បានពីពិសោធន៍ជីវិត និងការរៀនសូត្រពីការជាក់ស្តែងក្នុងប្រទេស និងនៅក្រៅប្រទេសខ្លះ។ ដោយសារលទ្ធិប្រជាធិបតេយ្យ បានក្លាយទៅជានិន្នាការ នៃយុគសម័យបច្ចុប្បន្ន មកដល់សព្វថ្ងៃ ប្រទេសភាគច្រើនលើពិភពលោកនេះ បានរៀបចំឱ្យមានការបោះឆ្នោត ហើយប្រទេសនីមួយៗ សុទ្ធតែអះអាងថា មានតំណាងស្របច្បាប់ (legitimate representation) របស់ប្រជាពលរដ្ឋ ដែលត្រូវបានជ្រើសរើសឡើង តាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬដោយប្រយោលពីប្រជាពលរដ្ឋ។

សម្រាប់កម្ពុជា ប្រសិនជាយល់ថាលទ្ធិប្រជាធិបតេយ្យត្រូវបាននាំចូលមកពីក្រៅ និងត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៩៣ គេត្រូវទទួលស្គាល់នូវរាល់ការខិតខំប្រឹងប្រែង ដោយកម្ពុជាខ្លួនឯងក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដើម្បីបណ្តុះ ពូនជ្រុំ និងថែទាំគ្រាប់ពូជប្រជាធិបតេយ្យនេះ ឱ្យបានរីកធំធាត់ តាមរយៈការរៀបចំ ចាត់ចែងការបោះឆ្នោតដោយខ្លួនឯង រួមទាំងការកសាងពង្រឹងស្ថាប័នប្រជាធិបតេយ្យ ការពង្រីកយន្តការអភិវឌ្ឍសង្គមលើគ្រប់វិស័យក្នុងក្របខណ្ឌនីតិរដ្ឋ ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។

ពោលគឺរយៈពេលជាង២០ឆ្នាំមកនេះ ស្ថិតក្នុងសុខសន្តិភាព ប្រជាជនកម្ពុជាខិតខំប្រឹងប្រែងកសាង បានលទ្ធិប្រជាធិបតេយ្យមួយសម្រាប់កម្ពុជា។ ទោះបីជានៅតែមានមតិទិតៀនអំពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងណាក៏ដោយចុះ ប៉ុន្តែអ្វីដែលគេមិនអាចមើលរំលងបាន គឺការពិតដែលថាកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងសុខសន្តិភាព និងមានការអភិវឌ្ឍក្នុងល្បឿនគួរឱ្យកត់សម្គាល់ លើផ្លូវប្រជាធិបតេយ្យមួយដែលប្រជាជនកម្ពុជា បានជ្រើសរើសដោយខ្លួនឯង។ និយាយបែបនេះ ពុំមែនមានន័យថាប្រជាធិបតេយ្យនៅកម្ពុជា គឺសម្រាប់តែប្រជាជនកម្ពុជា ហើយពុំអាចយកទៅប្រៀបផ្ទឹមបានជាមួយនឹងកំរិតលំដាប់ថ្នាក់ សិទ្ធិ សេរីភាព ប្រជាធិបតេយ្យនៃប្រទេសដទៃទៀត លើសកលលោកនោះបានឡើយ។

យើងអាចធ្វើការប្រៀ​បធៀ​បជាមួយបណ្តាប្រទេសជិតខាងយើង និងប្រទេសដទៃទៀតក្នុងតំបន់លើចំនុចខ្លះ នៃសន្ទស្សន៍ប្រជាធិបតេយ្យ (democracy index) ជាអាទិ៍៖ ការបោះឆ្នោត ការដឹកនាំរបស់រដ្ឋាភិបាល ការចូលរួមនយោបាយ និងសេរីភាពស៊ីវិល (civil liberties) រួមទាំងសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ល។ តើមានប្រទេសណាខ្លះ? ចំណុចណាខ្លះ? ដែលកម្ពុជាពុំអាចធៀបស្មើនឹងគេបាន គ្រាន់តែខុសពីគេត្រង់លក្ខណៈដោយឡែករបស់ខ្លួនដែលកម្ពុជាត្រូវកសាង អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យចេញពីមរតក និងផលវិបាកនៃសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ទន្ទឹមនោះ ចាប់តាំងពីឆ្នាំ១៩៩៣មក តាមរយៈការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាបានរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ តាមបែបបស្ចឹមប្រទេសដោយបានខិតខំដកពិសោធន៍ ដើម្បីអនុវត្តឱ្យស្របទៅតាមស្ថានភាព និងបរិបទជាក់ស្តែងរបស់កម្ពុជា។

ប្រការសំខាន់ គឺយើងមិនចង់ឱ្យគេបង្ខំកម្ពុជាឱ្យចម្លងនូវពុម្ពគំរូ ប្រជាធិបតេយ្យដែលនាំចូលពីខាងក្រៅ មកអនុវត្តទាំងដុលនៅក្នុងប្រទេសខ្លួន។ អ្នកជំនាញទាំងឡាយអំពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបានលើកឡើងថា៖ «គេពុំអាចធ្វើនិប្រវេសន៍ ឬនាំចេញ (emigrate) លទ្ធិប្រជាធិបតេយ្យពីប្រទេសមួយទៅប្រទេសមួយបានឡើយ» ពោលគឺលទ្ធិប្រជាធិបតេយ្យឋិតឋេរ គង់វង្ស និងអភិវឌ្ឍស្របតាមលក្ខណៈដោយឡែកអំពីប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ។

ក្នុងកម្មវិធីផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ជុំវិញប្រធានបទ «អាហារ និងប្រជាធិបតេយ្យ» (Traçabilité de la démocratie) លោក ឆាយ​ ហុកផេង បានប្រៀបប្រដូចលទ្ធិប្រជាធិបតេយ្យ ទៅនឹងម្ហូបអាហារដែលជាតិសាសន៍ នៃប្រទេសនីមួយៗមានចំណង់ចំណូលចិត្ត ខាងរសជាតិប្លែកៗគ្នា។ គាត់បាននិយាយថា «...លទ្ធិប្រជាធិបតេយ្យប្រៀបបាននឹងម្ហូបទិព្វមួយ ដែលបង្កើតឡើងដោយពពួកទេវតា នៅឯបស្ចឹមប្រទេស។ រីឯក្រុមទេវតានៃប្រទេសក្រីក្រ ក៏ធ្វើតាមគ្នាតៗរៀងរហូតមក។ ព្រះសមណគោតម ទ្រង់បានត្រាស់ប្រដៅថា ការស្រេកឃ្លានរបស់បុគ្គល ជារោគា ដ៏ធំមួយ ជិឃច្ឆា បរមំ រោគា សង្ខារា បរមា ទុក្ខា ឯតំ ពាត្វា យថា ភូតំ និព្វានំ បរមំ សុខំ។ ដរាបណាគ្មានអាហារនៅក្នុងពោះ ទោះបីស្តាប់ធម្មទេសនាក៏មិនអាចធ្វើឱ្យចម្រើនបញ្ញាបានដែរ។ រីឯភាពចំរុងចំរើន នៃរបបប្រជាធិបតេយ្យក៏មិនខុសគ្នាដែរ។...»

មុនស្តាប់ការធ្វើអត្ថាធិប្បាយខាងលើនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ធ្វើការប្រៀបប្រដូចលទ្ធិប្រជាធិបតេយ្យ បែបបស្ចឹមប្រទេសទៅនឹង Fromage ឬ Cheese (ប្រហុកបារាំង) ឯលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាប្រហុកខ្មែរ។ ម្យ៉ាងវិញទៀត គេមិនត្រូវស្រមើប្រមៃពីប្រជាធិបតេយ្យហួស ពីភាពប្រាកដនិយមនៃតថភាពសង្គមបានឡើយ ហើយពិតណាស់គេមិនអាចរកឃើញលទ្ធិប្រជាធិបតេយ្យមួយ ដែលល្អឥតខ្ចោះ (a flawless democracy) នោះបានទេ ទោះជានៅបណ្តាប្រទេសលោកខាងលិច ដែលជាកំណើតនៃលទ្ធិប្រជាធិបតេយ្យក៏ដោយចុះ។

សូមក្រឡេកទៅមើលអ្វីដែលកំពុងតែកើតឡើងសព្វថ្ងៃនេះ ចំពោះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លះ នៅអឺរ៉ុបដូចជា អង់គ្លេស បារាំង អេស្ប៉ាញ ហុងគ្រី ប៉ូឡូញ។ល។ ចុងក្រោយនេះ សង្គមវិទូនិងអ្នកវិទ្យាសាស្ត្រនយោបាយ បានទាញអារម្មណ៍ពីភាពមិនប្រក្រតីនៃករណី «ប្រ៊េចស៊ីត» (BREXIT) របស់ចក្រភពអង់គ្លេស និងករណីជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក របស់លោក ដូណាល់ត្រាំ ដោយបានចាត់ទុកថា នេះជាវិបត្តិនៃលទ្ធិប្រជាធិបតេយ្យ (democracy and its crisis)។

ហេតុនេះក្នុងបរិបទរបស់កម្ពុជា តើគេត្រូវសំអាងការយល់ឃើញបែបចំរុះមិនដូចគ្នា (diversified ​ perceptions) ពីលទ្ធិប្រជាធិបតេយ្យធ្វើជាមធ្យោបាយ តស៊ូយ៉ាងស្រួចស្រាល ដើម្បីដណ្តើមសាធារណៈមតិ តាមរបៀបនៃការលើកឡើងច្រំដែលៗ (rhetoric) បំភ្លៃតថភាព (reality) ក្នុងសង្គមជាតិយើងបន្តទៅទៀតឬយ៉ាងណា? ឧទាហរណ៍ដូចជា៖ ការទំលាក់កំហុសពីការចាត់វិធានការផ្លូវច្បាប់របស់តុលាការ ចំពោះអំពើល្មើសបំពានច្បាប់របស់បុគ្គលម្នាក់ ឬរបស់គណបក្សនយោបាយមួយ ទៅលើលំហនៃលទ្ធិប្រជាធិបតេយ្យ ឬករណីយុវតីខ្មែរម្នាក់អាយុស្របាលជាង២០ឆ្នាំ ដែលបានកើត ធំដឹងក្តីនិងកំពុងរស់នៅប្រទេសបារាំង ហើយតាំងខ្លួនជាតំណាងឱ្យយុវជនកម្ពុជា កំពុងឃោសនាបញ្ចុះបញ្ចូលយុវជន និងមនុស្សដទៃទៀតនៅឯនាយសមុទ្រឱ្យគាំទ្រចលនាប្រឆាំងរដ្ឋាភិបាល នៃប្រទេសកំណើតឪពុកម្តាយរបស់ខ្លួន ក្រោមលេសថា ដើម្បីនាំកម្ពុជាមកកាន់គន្លង នៃលទ្ធិប្រជាធិបតេយ្យវិញ ឬមួយករណីដែលអ្នកនយោបាយជ្រុលនិយមខ្មែរមួយក្តាប់តូច កំពុងឃោសនាយ៉ាងងងើលនៅឯបរទេសបំផ្លើសការពិត ពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសខ្លួន ដោយអំពាវនាវឱ្យមានអន្តរាគមន៍ពីខាងក្រៅ ចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងអធិបតេយ្យជាតិកម្ពុជា រួមទាំងការជំរុញឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ឬមួយករណីដែលកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺការដែលពួកគេអំពាវនាវ ឱ្យប្រជាជនកម្ពុជាក្រោកឈរឡើង ដើម្បីផ្តួលរំលំរបបដឹកនាំរបស់រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយយកតាមលំនាំចលនាបដិវត្តពណ៌ នៅតាមប្រទេសខ្លះ នៅមជ្ឈឹមបូព៌ា អតីតអឺរ៉ុបខាងកើត អ៊ុយក្រែនជាដើម...។ល។

តើទាំងនេះជាចលនាស្នេហាជាតិ ស្រលាញ់ប្រជាជន ឬ ស្រលាញ់លទ្ធិប្រជាធិបតេយ្យមែនឬទេ? ខ្ញុំជឿថា អ្នកស្នេហាជាតិ អ្នកស្រលាញ់ប្រជាជន អ្នកប្រជាធិបតេយ្យពិតប្រាកដ អាចឆ្លើយបំភ្លឺបញ្ហានេះបាន ហើយពួកគេទាំងអស់នោះច្បាស់ជា ផ្តល់សច្ចភាពដល់ការខិតខំរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ របស់ប្រជាជនកម្ពុជាយើងក្នុងការកសាងអភិវឌ្ឍសង្គមប្រជាធិបតេយ្យមួយ ក្នុងភាពប្រាកដនិយមដូចបច្ចុប្បន្ន។ គេមិនត្រូវភ្លេចទាល់តែសោះនូវប្រវត្តិសាស្ត្រ ពីអតីតកាលរបស់កម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០ ព្រោះគ្រានោះក្នុងពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ស្រាប់តែមានហេតុការណ៍ដ៏សែនអកុសលកើតឡើង ដោយសារនយោបាយរវើរវាយអំពីសេរីភាពប្រជាធិបតេយ្យជ្រុសហួសហេតុ របស់ពួកអ្នកដែលធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម ដែលបើកផ្លូវភ្លាមឱ្យមានអន្តរាគមន៍ យោធាបរទេសចូលមកកម្ពុជា ក្លាយជាឈ្នួនបញ្ឆេះភ្លើងសង្គ្រាមសន្ធោសន្ធៅ រួចបន្តឱកាសឱ្យពួកខ្មែរក្រហមចូលកាន់អំណាច និងអនុវត្តនយោបាយឆ្កួតលីលារបស់ពួកគេ ដែលចង់កសាងប្រទេស «កម្ពុជាប្រជាធិបតេយ្យ» មួយឯករាជ្យម្ចាស់ការ គ្មានវណ្ណៈជិះជាន់ ហើយដែលទីបំផុតគឺគ្មានអ្វីក្រៅពីការជ្រមុជមាតុភូមិជាទីស្នេហានៃយើង ទៅក្នុងមហាសោកនាដកម្ម វិនាសកម្មនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ នេះជាមេរៀនដ៏សែនឈឺចាប់ខ្លោចផ្សារ ដែលជាមរតកបន្សល់ទុកសម្រាប់យើងគ្រប់គ្នាមកដល់ថ្ងៃនេះ។

ជាសរុប ខ្ញុំយល់ថា មកដល់បច្ចុប្បន្ននេះក្នុងពេលដែលស្ថានការណ៍ពិភពលោក កំពុងវិវដ្តប្រែប្រួលយ៉ាងឆាប់រហ័ស ហើយសណ្តាប់ធ្នាប់សកល (the world order) នៅតែបន្តប្រឈមជាមួយនឹងភាពមិនប្រាកដប្រជា (uncertainties) ខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច (geopolitics/geo-economics) ប្រទេសនីមួយៗសុទ្ធតែខិតខំដណ្តើមអំណាចខាងការប្រកួតប្រជែង ដើម្បីប្រយោជន៍រៀងៗខ្លួនតាមនិន្នាការ នៃគោលការណ៍កំណត់មួយដែលថា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានទេមិត្ត គ្មានទេសត្រូវពិតប្រាកដ គឺមានតែប្រយោជន៍»។ ហេតុនេះ កម្ពុជាទន្ទឹមនឹងខិតខំសម្របខ្លួនទៅតាមនិន្នាការសកល យើងក៏ត្រូវប្រឹងប្រែងបន្តទៀតដើម្បីអាចឈរដោយខ្លួនឯងបានយ៉ាងស្វាហាប់ សំដៅធានាជំហានរឹងមាំនៃដំណើរជាតិកម្ពុជា លើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅកាន់អនាគតរុងរឿង ថ្កុំថ្កើង។

ចង់បានយ៉ាងដូច្នេះ វាល្មមដល់ពេលដែលកូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ត្រូវតំកល់ផលប្រយោជន៍ជាតិជាចំបង ដោយត្រូវផ្អែកលើកំលាំងសាមគ្គីជាតិទាំងមូល បន្តរក្សាការពារសេចក្តីសុខសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជ័យលាភីណូបែលសេដ្ឋកិច្ច Douglass C.North បានកំណត់ថា «ក្នុងសង្គមនីមួយៗ ស្ថាប័នគឺជាវិធាននៃល្បែង (institutions are the rule of the game in a society)»។ ហេតុនេះ ក្នុងដំណើរការពង្រឹងស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា គេមិនគប្បីលេងល្បែងប្រជាធិបតេយ្យ ដែលគ្មានវិធានអ្វីនោះសោះឡើយ ពិសេសវិធានផ្លូវច្បាប់និងសីលធម៌។ ពោល គឺលទ្ធិប្រជាធិបតេយ្យត្រូវផ្សារភ្ជាប់ជិតស្និទជាមួយនីតិរដ្ឋ (rule of law) និងផលប្រយោជន៍ប្រជាជន ហើយច្បាស់ណាស់ គេមិនត្រូវប្រើប្រាស់ប្រជាធិបតេយ្យធ្វើជាឧបករណ៍ សម្រាប់គ្រាន់តែដើម្បីសម្រេចមហិច្ឆិតានយោបាយរបស់ខ្លួនសោះឡើយ។ ធ្វើបានយ៉ាងដូច្នេះ ទើបពិតជាការជំរុញដំណើរជាតិកម្ពុជាយើង ឱ្យស្ថិតនៅលើផ្លូវប្រជាធិបតេយ្យឆ្ពោះទៅកាន់អនាគត ដែលជាបំណងប្រាថ្នារួម គឺសេចក្តីសុខក្សេមក្សាន្ត រុងរឿង ថ្កុំថ្កើងរបស់មាតុភូមិនិងប្រជាជនយើងសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយបន្តទៅទៀត៕

ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
ដោយ៖ ទេស ទុំ