(ក្រចេះ)៖ អាជ្ញាធរស្រុកស្នួល បានដឹកនាំមន្ត្រីមូលដ្ឋាន កងកម្លាំងចម្រុះ ចុះត្រួតពិនិត្យសមិទ្ធផលផ្លូវបេតុងក្រវ៉ាត់ផ្សារស្នួលប្រវែង៧៤៦ម៉ែត្រ និងចុះរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ជុំវិញផ្សារ ដើម្បីរក្សាបាននូវសោភណ្ឌភាព អនាម័យ និងសុខុមាលភាពប្រជាពលរដ្ឋ នៅជុំវិញបរិវេណផ្សារស្នួល ស្ថិតក្នុងស្រុកស្នួល។

ការចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក គង់ គឹមនី អភិបាលស្រុកស្នួល។

លោក គង់ គឹមនី បានឲ្យថា អាជ្ញាធរស្រុក បានសហការជាមួយអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងអ្នកវិនិយោគបេនឡានផ្សារស្នួល ដើម្បីត្រួតពិនិត្យផ្លូវបេតុងក្រវ៉ាត់ផ្សារ ដែលក្នុងគម្រោងរបស់អ្នកវិនិយោគមានប្រវែងសរុបចំនួន ៩២៦ម៉ែត្រ មានទទឹង៥ម៉ែត្រកន្លះ ហើយរហូតមកដល់ពេលនេះ សាងសង់សម្រេចបានប្រវែង៧៤៦ម៉ែត្រ និងនៅសល់ប្រវែង១៨០ម៉ែត្រទៀត គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភៈនេះ។

លោកអភិបាលស្រុក បន្តថា ក្រោយពីសាងសង់ផ្លូវបេតុងនេះរួច អាជីវករលក់ដូរ អាចនឹងរំលោភយកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចរាចរ ចេញចូលទិញទំនិញបន្លែផ្លែឈើមានការលំបាក។ ដូច្នេះគណៈកម្មកាគ្រប់គ្រងសណ្ដាប់ បានចុះគូសវាស់កំណត់កន្លែងឲ្យលក់ដូរសមស្រប មានសណ្ដាប់ធ្នាប់ ដើម្បីមានភាពងាយស្រួលដល់អ្នកទិញ។

លោក គង់ គឹមនី បានឲ្យដឹងបន្ថែមថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរនៅមូលដ្ឋាន នឹងបង្កើតគណៈកម្មកាចម្រុះមួយ ដើម្បីចុះត្រួតពិនិត្យដូចភ្លៀងរលឹម និងដើម្បីចូលរួមប្រឡងប្រណាំងទីប្រជុំជនស្អាត ទូទាំងខេត្ត។ លោកក៏បានអំពាវនាវដល់អាជីវករទាំងអស់ និងប្រជាពលរដ្ឋរស់នៅជុំវិញ បរិវេណផ្សារស្នួលនេះ ត្រូវចូលរួមជាមួយអាជ្ញាធរ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ៕