(កោះកុង)៖ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងជាប្រធានចលនាយុវជនក្រុម១៥៧ ប្រចាំខេត្តកោះកុង រួមជាមួយលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះចែកទឹកប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ ស្ថិតនៅភូមិស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលអត់ទឹកប្រើប្រាស់ជិត១ខែមកហើយ។

លោក ស្រេង ហុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមចលនាយុវជន១៥៧ និងអាជ្ញាធរខេត្តកោះកុង បានចុះចែកទឹកជូនប្រជាពលរដ្ឋ ចំនួន២៤៥គ្រួសារ នៅចំណុចស្មាច់មានជ័ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ទៀតថា ការខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ រស់នៅទីតាំងខាងលើនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឲ្យពួកគាត់ ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុកទុក នៅក្នុងពាង ឬអាង ហើយការជីកអណ្តូងយកទឹកប្រើប្រាស់ប្រើមិនកើតទេ ដោយទឹកមានរស់ជាតិប្រៃដូចទឹកសមុទ្រទៀតផង។

លោកបានឲ្យដឹងទៀតថា ទាក់ទិននឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ អាជ្ញាធរនឹងរិះរកគ្រប់មធ្យាបាយ គ្រប់កាលៈទេសៈដើម្បីធ្វើការដោះស្រាយជូនពលរដ្ឋ៕