(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសហការរួមគ្នាជាមួយវិនិយោគិនចិន បោះទុនទឹកប្រាក់ចំនួន២៣០លានដុល្លារ សាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់៦៨ជាន់ ​និងបានប្រកាសបុកគ្រឹះសាងសងជាផ្លូវការហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

អគារភ្លោះពាណិជ្ជកម្មកម្ពស់៦៨ជាន់មានឈ្មោះថា «Royal One» ជាការវិនិយោគរវាងអ្នកឧកញ៉ា គិត ម៉េង និងវិនិយោគិនចិនដែលមានទីតាំងស្ថិតលើ មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមន្នីវង្ស ព្រមទាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងប្រជុំដោយ​អគារ​ខ្ពស់ៗ​ដូចជា អគារកាណា​ឌីយ៉ា, អគារ​វឌ្ឍនៈ​ថៅវើរ រួមទាំងអគារ Exchange Square ជាដើម។

អគារភ្លោះពាណិជ្ជកម្ម «Royal One» នេះរួមមានខុនដូរ, ផ្សារទំនើប, អូតែល,ក្លឹបកំសាន្ត, ក្លឹបហាត់ប្រាណ, ភោជនីយដ្ឋាន និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗជាដើម។ លោកឧកញ៉ា គិត ធាង ជាប្រធានក្រុមហ៊ុន Royal One និងជាអនុប្រធានសម្ព័ន្ធ Royal Group។

អគារភ្លោះពាណិជ្ជកម្ម «Royal One» កម្ពស់៦៨ជាន់ ក្នុងនោះ៦ជាន់ក្រោមដី និង៦២ជាន់លើអាកាសស្មើ​នឹង២៣០​ម៉ែត្រ ​​សាងសង់​​​​លើ​ផ្ទៃ​ដី​​ទំហំ៤,០៣៦​ម៉ែត្រការ៉េ និងប្រើប្រាស់រយៈពេលសាងសងចំនួន៥ឆ្នាំ។

ក្រុមហ៊ុន Royal Group បានបង្ហាញភាពជឿជាក់ថា វត្តមានអគារភ្លោះដ៏ប្រណិតនេះនឹងចូលរួមចំណែក នៃមោទនភាពជាតិរបស់កម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាព និងភាពរីកចម្រើនរបស់មាតុប្រទេស និងផ្សព្វផ្សាយលើឆាកអន្ដរជាតិ៕