(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និង នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ បានបើកកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”) នៅសណ្ឋាគារកាដែនស៊ីតធី រាជធានីភ្នំពេញ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) បានអញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ តាមមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee “GBC”) មួយត្រូវបានបង្កើតឡើង ដោយមានការជួបប្រជុំប្តូរវេន យ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំលើកទី១៤ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ផងដែរ។

កិច្ចប្រជុំលើកទី១៤នេះ ក៏ដូចជាកិច្ចប្រជុំមុនៗដែរ ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សារបស់ខ្លួន ដោយផ្តោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឱ្យបានរឹងមាំនូវ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងនៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ ដើម្បីរក្សា និងធានាបាននូវ សេចក្តីសុខ ក្សេមក្សាន្ត និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជន នៃប្រទេសទាំងពីរ៕