(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំក្រុមនិស្សិតមួយក្រុម ដែលសិក្សាផ្នែកនីតិសាស្ត្រភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខិតខំបង្កើតនូវកម្មវិធីសង្គម និងសប្បុរសធម៌ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំនេះ ក្រុមនិស្សិតខាងលើមានសមាជិកជាង ១២០នាក់ នឹងរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីខេត្តចំនួនពីរ គឺខេត្តកំពង់ធំ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១-៣ ខែមិនា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ «សកម្មភាពយុវជន ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព»។

លោក វៃ ស៊ាវអាន និស្សិតគ្រប់គ្រងកម្មវិធី បានថ្លែងថា ការងារសង្គមដែលក្រុមនិស្សិតនឹងធ្វើក្នុងឆ្នាំនេះ មានដូចជា ការចូលទៅចែកអំណោយ ជាសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងការកសាងរោងកង់ ជូនចំពោះសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅសាលាបឋមសិក្សាមួយ។ បន្ថែមពីនេះក៏មានការដាំដើមឈើ ដើម្បីបរិស្ថាននៅជុំវិញតំបន់ ប្រាសាទសំបូរព្រៃគុកផងដែរ។

លោកបន្តថា ចំណែកឯសកម្មភាពនៅក្នុងខេត្តសៀមរាបវិញ មានដូចជា ការចូលទៅចែករំលែកចំណេះដឹងមួយចំនួន ចំពោះសិស្សានុសិស្សដែលសិក្សាក្នុងវិទ្យាល័យ អំពីបញ្ហាច្បាប់ បញ្ហាចរាចរណ៍ បញ្ហាបរិស្ថាន ការសម្រេចចិត្តក្នុងការជ្រើសរើសមុខជំនាញសិក្សា បន្ទាប់ពីបញ្ចប់វិទ្យាល័យ ការត្រៀមខ្លួនសម្រាប់សាកលវិទ្យាល័យ និងមានការចែកជូននូវសម្ភារសិក្សា និងមួកសុវត្ថិភាពដល់ពួកគាត់ផងដែរ។ លើសពីនេះទៅទៀតក៏មានការសម្អាតបរិស្ថាន តាមរយៈការរើសសំរាមតាមតំបន់មួយចំនួន នៃខេត្តសៀមរាបជាដើម។

លោក វៃ ស៊ាវអាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សកម្មភាពរបស់ពួកយើងក្នុងឆ្នាំនេះ មានគោលដៅធំចំនួនពីរ គោលដៅទី១ គឺផ្តល់ឱកាសឲ្យយុវជនបានពង្រីកនូវចំណេះដឹងបន្ថែម ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងចូលរួមផ្សព្វផ្សាយឲ្យកាន់តែច្រើនអំពី អរិយធម៌ វប្បធម៌ខ្មែរទៅកាន់ពិភពខាងក្រៅ។ រីឯគោលដៅទី២ គឺបណ្តុះនូវទម្លាប់យុវជន ក៏ដូចជាក្មេងៗជំនាន់ក្រោយ ឲ្យស្រលាញ់សកម្មភាពសប្បុរសធម៌ និងចូលចិត្តការងារសង្គម»

កម្មវិធីសប្បុរសធម៌នេះ បានទទួលការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា, សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ក្នុងគោលបំណងចូលរួមជាចំណែកមួយដើម្បីការអភិវឌ្ឍ និងការរីកចម្រើននៅក្នុងសង្គម។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ក្រុមនិស្សិតដែលរៀបចំកម្មវិធីខាងលើ កំពុងតែជួបប្រទះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងសម្ភារដែលជាកត្តារាំងស្ទះ​ ដល់ដំណើរការនៃរៀបចំកម្មវិធី។ អាស្រ័យហេតុនេះហើយ ក្រុមនិស្សិតមានបំណងស្នើសុំការចូលរួមឧបត្តម្ភពី លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន និងក្រុមហ៊ុនឯកជន ក៏ដូចជាស្ថាប័នរដ្ឋនានា ដើម្បីឧបត្ថម្ភទាំងផ្នែកស្មារតី សម្ភារ និងថវិកាដើម្បីជួយសម្រួលដល់ការបង្កើតឲ្យមានកម្មវិធីនេះឡើង។ នេះបើតាមលោក វ៉ៃ ស៊ាវ​អាន បានបញ្ជាក់បន្ថែម។

ប្រសិនបើលោក លោកស្រីមានបំណងចង់ចូលរូមឧបត្ថម្ភ ដល់សកម្មភាពសង្គមដូចដែលបានរៀបរាប់ខាងលើ សូមទំនាក់ទំនងទៅកាន់៖
១. លោក វៃ ស៊ាវអាន Tel : 011 46 61 12 Email : [email protected]
២. កញ្ញា ថេត មុនីនាថ Tel : 078 99 16 16 Email : [email protected]
៣. លោក លឹម សិរីវុបុល Tel : 089 33 66 02 Email : [email protected]
៤. កញ្ញា ផេង ភាពុទ្ធរ័ត្ន Tel : 069 85 95 17 Email : [email protected]