(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សហការជាមួយសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានចុះបង្ក្រាបករណីវេចខ្ចប់ និងចែកចាយនំកញ្ចប់ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាក Lotus និង Bento នៅចំណុច ផ្ទះលេខ១៥៣ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង ជាសំបកវេចខ្ចប់នំ ទាំងពីរប្រភេទខាងលើ សរុបចំនួន ១៥បាវ ស្មើនឹង ៤៥១គីឡូក្រាម។ វត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំម្ចាស់ទីតាំងឈ្មោះ ឡោ ស៊ុនធឿន ទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុន Srinanaporn Marketing Co.,Ltd. និងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ហើយករណីនេះបាននឹងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕