(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សាលា​ប៊ែលធី អន្តរជាតិ បានរៀបចំ​ការប្រឡងសំណេរ​របស់សិស្សចំណេះទូទៅ ពីថ្នាក់ទី៧ ដល់ទី១២ ក្រោមប្រធានបទ «ទិវាបុណ្យ នៃក្ដីស្រឡាញ់» នៅគ្រប់សាខាសាលា ប៊ែលធី​អន្តរជាតិទាំងអស់ ដើម្បីឲ្យសិស្សានុសិស្ស​បានស្វែងយល់កាន់តែច្បាស់ ពីអត្ថន័យពិតនៃទិវានេះ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា សាលា​ប៊ែលធី អន្តរជាតិ បានបង្កើត​កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន​៨​សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១៖កម្មវិធីបង្កើនចំណេះដឹងទូទៅ, ទី២៖កម្មវិធីពង្រឹងស្មារតី, ទី៣៖កម្មវិធី​ទស្សនកិច្ចសិក្សា, ទី៤៖កម្មវិធិសិក្សាតាមទូរទស្សន៍, ទី៥៖កម្មវិធីប្រឡងសំណេរ, ទី៦៖កម្មវិធីប្រកួតប្រជែងគណិតវិទ្យា, ទី៧៖កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨៖កម្មវិធីកីឡា។​

លោក ប៊ុត ឌីម៉ង់ បានបន្ថែមថា ជារៀងរាល់ឆ្នាំសាលា​តែងតែធ្វើការផ្សព្វផ្សាយពីអត្ថន័យ នៃទិវាបុណ្យនៃក្ដីស្រឡាញ់ ជូនដល់សិស្សប៊ែលធី ទាំង​១៩សាខា​នៅតាមថ្នាក់ និងពេលគោរពទង់ជាតិ ហើយថ្ងៃទី១៣ កុម្ភៈនេះ សាលាបានរៀបចំឲ្យសិស្សចំណេះទូទៅ​ពីថ្នាក់ទី៧ ដល់ទី១២ ចំនួន​២៤,១២៧នាក់ ប្រឡងសំណេរ​ក្រោមប្រធានបទ «ទិវាបុណ្យ នៃក្ដីស្រឡាញ់» ដោយយកពិន្ទុប្រឡងនេះ គឺត្រូវបូកបញ្ចូលជាមួយពិន្ទុប្រឡងប្រចាំខែ មុខវិជ្ជាសីលធម៌-ពលរដ្ឋ។

ក្នុងឱកាសនោះ​ លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង​នាយកសាខា បានលើកឡើងថា ការប្រឡងនេះ​ធ្វើឡើងក្នុងគោល​បំណង​ឲ្យ​សិស្សានុសិស្សទាំងអស់ នៃសាលា​ប៊ែលធី​អន្តរជាតិ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យទិវាបុណ្យ នៃក្ដីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ​។ ដោយកន្លងម​ក មានការយល់ច្រឡំថា ទិវានេះជាទិវាបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ដែលហេតុធ្វើឲ្យភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរយើង។

ម៉្យាងវិញទៀតទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណី​របស់ជនជាតិខ្មែរយើងទេ ទើបសាលា​ប៊ែលធី​អន្តរជាតិ រៀបចំកម្មវិធីប្រឡងនេះឡើង ដើម្បីទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ និងឲ្យសិស្សានុសិស្ស យល់ពីអត្ថន័យពិតនៃទិវានេះ។

សូមបញ្ជាក់ថា សាលា​ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី​ទាំង​១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ និង​ថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា​១វគ្គ​ផ្តល់ជូន​សៀវភៅគូល័រច្បាប់​ដើម​១ឈុត​ផងដែរ៕