(ភ្នំពេញ)៖ ខណៈដែលអឺរ៉ុប បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីកម្ពុជានោះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ចំពោះចំណាត់ការនេះ អ្នកដែលរងផលប៉ះពាល់មុនគេ គឺប្រជាពលរដ្ឋអឺរ៉ុប និងជនជាតិខ្មែរដែលរស់នៅអឺរ៉ុបនេះតែម្តង។

លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «រឿងអឺរ៉ុបព្យួរ ឬផ្តាច់ EBA ពីខ្មែរ ក្រុមអ្នកដែលត្រូវព្រួយបារម្ភមុនគេនោះ គឺពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសសហគមន៍អឺរ៉ុប និងពលរដ្ឋអឺរ៉ុប ដែលញ៉ាំបាយអង្ករខ្មែរ ហើយចង់ប្រើផលិតផលដែលផលិតចេញពីប្រទេសខ្មែរ... ព្រោះអង្ករ និងផលិតផលខ្មែរ ដែលធ្លាប់លក់ថោកកាលពីមុននោះ វានឹងត្រូវឡើងថ្លៃ ដោយសារការទាមទារបង់ពន្ធពីសភាអឺរ៉ុប! »

សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។ ជុំវិញរឿងនេះ ​សហភាព​អឺរ៉ុប​ បានចោទប្រកាន់លើរាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះការគោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។

អ្នកនយោបាយវ័យកណ្តាល លោក សួន សេរីរដ្ឋា បានបញ្ជាក់បន្ថែមថា «ខ្មែរអ្នករស់នៅអឺរ៉ុប ដែលកំពុងភ្លេចខ្លួននឹង សំផឹងនយោបាយ សម រង្ស៉ី នោះបន្តិចទៀតពេលប្រាក់ខែរបស់ខ្លួន (១២០០ - ១៥០០ អឺរ៉ូ) ទិញអង្ករច្រកឆ្នាំងមិនគ្រាន់នោះទើបសមមុខ។ ចំពោះអ្នករកស៊ីពិតប្រាកដ គេមិនខ្លាចបង់ពន្ធទេ ឲ្យតែទំនិញគេល្អ មានគុណភាព តែបើគេបង់ពន្ធថ្លៃ គេក៏ត្រូវលក់ចេញថ្លៃដែរ ! នេះជាក្រិតក្រមពាណិជ្ជកម្ម។ ចំណែកអ្នករងគ្រោះបន្តទៀត គឺកម្មករខ្មែរ ដែលនឹងអាចត្រូវបាត់បង់ការងារ បើម្ចាស់រោងចក្រគេរើរោងចក្រចេញពីស្រុកខ្មែរ។ ប៉ុន្តែមិនមែនបាត់បង់អស់ការងារភ្លាមៗទេ ព្រោះអ្នកវិនិយោគរកស៊ីដែលគេចំណាយលុយសង់រោងចក្រ ទិញសម្ភារៈចូលមកស្រុកខ្មែរនោះ មិនមែនល្ងង់រហូតបោះបង់ទុនរត់ចោលដោយគ្មានយុទ្ធសាស្ត្រឡើយ»

សម្រាប់លោក សួន សេរីរដ្ឋា បញ្ហា EBA មិនមែនជារឿងធ្ងន់ធ្ងរសម្រាប់កម្ពុជានោះទេ។ លោកថ្លែងថា មានតែរដ្ឋាភិបាល-មន្ត្រីអសមត្ថភាព និងពួកពុករលួយប៉ុណ្ណោះ ដែលដឹកនាំគ្នារំពឹងលើភាពអនុគ្រោះពន្ធ ព្រោះខ្លួនគ្មានសមត្ថភាពរកទីផ្សារលក់ផលិតផលដែលពលរដ្ឋផលិតបាន ទើបពឹងលើការអនុគ្រោះពីគេ៕