(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តព្រះសីហនុ បានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវការងារគ្រប់គ្រងដឹកនាំ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យអាជ្ញាធរខេត្ត ត្រូវពិនិត្យឲ្យបានច្បាស់លាស់ទាក់ទងនឹងបណ្តឹងពលរដ្ឋដែលមានបញ្ហាដីធ្លី ខណៈទំនាស់ដីធ្លីនៅខេត្តមួយនេះ កំពុងមានបញ្ហាក្តៅគគុកកាលពីពេលថ្មីៗនេះ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាស នៃកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ុល សារឿន បានស្នើឲ្យអាជ្ញាធរពិនិត្យរាល់ពាក្យបណ្តឹងឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលបណ្តឹងណាដែលមិនពិត មានលក្ខណៈញុះញុង ខេត្តត្រូវមានវិធានការប្តឹងបកវិញ។ ស្នើមន្រ្តីពាក់ពន្ធ័ទាំងឡាយ ត្រូវដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់វិធានការឱ្យបានទាន់ ពេលវេលា។

ទន្ទឹមគ្នានេះ លោកបានជំរុញឲ្យយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នារដូវប្រាំងដែលអាចខ្វះស្អាតប្រើប្រាស់។ «អាជ្ញាធរខេត្តព្រះសីហនុ ត្រូវសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ហើយត្រូវអនុវត្តន៍ឱ្យបានស៊ីជម្រៅ នូវបាវចនាពីរ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតី ឯករាជ្យ ស្មើសិទ្ធិ និងអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន។ ជំរុញការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការវិនិយោគការគ្រប់គ្រងជនបរទេស និងការផ្តល់សេវាកាន់តែ ប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន។
ត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»។

ដោយឡែក លោក កឹម ស៊ីថន អនុប្រធានទី១គណៈពង្រឹងថ្នាក់កណ្តាលចុះជួយ ខេត្តព្រះសីហនុ ក៏បានលើកឡើងថា ខេត្តជាប់សមុទ្រមួយនេះ មានការអភិវឌ្ឍលឿន ហើយនឹងក្លាយជាខេត្ត ដ៏ប្រណីតមួយរបស់កម្ពុជា ខណៈការវិនិយោគកំពុងហូរចូលយ៉ាងខ្លាំង។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ កត់សំគាល់ខេត្តព្រះសីហនុ ក្នុងរយៈកាលបីឆ្នាំចុងក្រោយនេះ បានប្រមុខមាត់រីកចម្រើនលឿនគួរកត់សំគាល់។ ក្រុមអ្នកវិនិយោគជាច្រើនបាន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាខេត្តបំពង់កសេដ្ឋកិច្ច និងជាខេត្តឧស្សាហកម្មគំរូពហុបំណង តែមួយគត់របស់កម្ពុជា។
ផលនៃវិនិយោគទុននេះ បាននឹងកំពុងធ្វើឲ្យខេត្តព្រះសីហនុ ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ជីវភាពប្រជាជនក៏មានភាពប្រសើរឡើង ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សំណង់អាគារតូចធំខ្ពស់ៗ កំពុងបណ្តែតខ្លួនព្រោងព្រាត ស្ទើរគ្រប់កន្លែងក្នុងក្រុងព្រះសីហនុ។

បើតាម លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញសុទិដ្ឋិនិយមដែរថា នៅថ្ងៃអនាគតខេត្តព្រះសីហនុ ពិតជានឹងក្លាយទៅជាខេត្តប្រណីត និងស៉ីវិល័យមួយរបស់ប្រទេសកម្ពុជា ខណៈដែលពេលនេះ កំពុងបោះជំហានទៅរកភាពទំនើបទាន់សម័យជាបណ្តើរៗ ក្រោមបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕