(បន្ទាយមានជ័យ)​៖ លោក សាន​ ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងាររួមមាន ​លោក ទូច​ មុនី​ អភិបាលរងក្រុងប៉ោយប៉ែត លោក ម៉ែន​ សោភ័ណ​ អភិបាលរងក្រុង​ លោក គាត ​ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល​​ និងភ្ញៀវអន្តរជាតិឥណ្ឌូនេស៊ី ចុះចែកអំណោយដល់ប្រជាពលរដ្ឋ មានជីវភាព ខ្វះខាតមកពីសង្កាត់ចំនួន ៣នៃក្រុងប៉ោយប៉ែត ​ចំនួន២០០គ្រួសារ នៅបរិវេណសាលាក្រុងប៉ោយប៉ែត។

លោក សាន ស៊ានហូ ​បានប្រាប់ថា អំណោយទាំងអស់នេះ វាមានទំហំតិចតួចមែន ​តែវាអាចដោះស្រាយជីវភាពបានមួយគ្រាផងដែរ។ លោកក៏បានផ្តាំផ្ញើ ឱ្យបងប្អូនយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃ ដោយថែរក្សាសុខភាពឱ្យបានល្អ សំអាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយត្រូវខិតខំប្រកបរបរ រកស៊ីចិញ្ចឹមជីវិតដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់យ៉ាងដូច្នេះថា «​ថ្ងៃនេះតាមបណ្តាលភូមិទាំង២៣ភូមិ ត្រូវមេភូមិប្រជាការភូមិបានយកម៉ូតូកង់បី ដែលជាអំណោចរបស់ខ្ញុំ (អភិបាលក្រុង) និងសប្បុរសជនបានចូលរួម ​ហើយប្រជាការភូមិបានដឹកជញ្ជូនប្រជាពលរដ្ឋពីកន្លែងរស់នៅ​។ ដូច្នេះហើយសូមមេភូមិ និងប្រជាការភូមិទាំងអស់ត្រូវចេះរក្សាកង់បីនេះទុកប្រើប្រាស់ឱ្យបានគង់វង្ស​»។

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ​ទទួលាបាន​​អំណោយរួមមាន អង្កចំនួន២០គីឡូក្រាម មី១កេស ត្រីខ១២កំប៉ុង ស្កស៥គីឡូក្រាម ទឹកត្រី១យួរ ប្រេងឆា ៥លីត្រ និងថវិកាចំនួន ២០០បាត៕