(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា តាមរយៈអភិបាលរាជធានី-ខេត្ត ស្នើឲ្យចាត់បញ្ជូនបុគ្គលិក​អង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារ ស្ថាប័ន មកចូលរួមវគ្គបណ្ដុះបណ្ដាលជំរឿន ដើម្បីឲ្យគាត់ទទួលសម្ភាសន៍ជំរឿននៅតាមអង្គភាពរៀងៗខ្លួនវិញ។

លិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​សម្ដេចក្រឡាហោម ស ខេង បានស្នើអភិបាលរាជធានី-ខេត្ត ចាត់ចែងអញ្ជើញបុគ្គលិក តំណាងតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ មន្ទីរឃុំឃាំង/ពន្ធនាគារ មន្ទីរពេទ្យ ក្រុមហ៊ុនទាំងអស់ក្នុងក្រុង ក្នុងព្រៃ ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងហោចណាស់ ចំនួន២នាក់ ក្នុងមួយអង្គភាពចូលរួមវគ្គបណ្ដុះបណ្ដាល តាមកាលកំណត់របស់រាជធានី-ខេត្ត នាថ្ងៃណាមួយសមស្របមុនកាលបរិច្ឆេទជំរឿន។

សូមជម្រាបថា ជំរឿនទូទៅប្រជាជននៅ​កម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ គឺជាជំរឿនលើកទី១ ដែល​ប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។

នេះជាជំរឿនប្រជាជន របស់ប្រទេសកម្ពុជាលើកទីបី បន្ទាប់ពីជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺ​រយៈពេលដប់មួយឆ្នាំគត់ ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿន៕