(ភ្នំពេញ)៖ ​ក្នុងឆ្នាំ២០១៨​ ដោយអនុលោមតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងស្មារតីអនុក្រឹត្យលេខ​១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ជំរុញវិធានការពីរស្របគ្នា គឺធ្វើការដកហូតឯកសារដែលមានភាពមិនប្រក្រតីផង និងផ្សព្វផ្សាយ​ជំរុញឲ្យជនបរទេសទាំងនោះ មកបំពេញពាក្យស្នើសុំប្រកាស ទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍ផង​។

របាយការណ៍ដែលបង្ហាញដោយក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ការងារដកហូតឯកសារនេះ សមត្ថកិច្ចចាត់វិធានការ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់ក្នុង​កម្ពុជា បានចំនួន​៣៥.០០១ឯកសារ ស្មើ​៨៨,៧៩% នៃផែនការ​។

ដោយឡែក ការងារទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​ គិត​ត្រឹមខែតុលា ឆ្នាំ២០១៨ ទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត (ចាប់ពី​១៨ឆ្នាំឡើង) បានចំនួន​៧៥,០៨៩នាក់ ស្មើ​៥៩,៦៤% និងពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ បានចំនួន​៥៧,៤៤៤នាក់ ស្មើ៤៥.៦២ភាគរយ។

ជាមួយគ្នានេះ ការងារគ្រប់គ្រងជនភៀសខ្លួន បច្ចុប្បន្ន​ជនបរទេសដែលមានឋានៈជាជនភៀសខ្លួន ចំនួន​៦១នាក់ ស្រី​១៣នាក់ មាន​០៨សញ្ជាតិ អ្នកសុំសទ្ធិជ្រកកោននៅសល់ ចំនួន​០៨នាក់ ស្រី​០២នាក់ មាន​០៦សញ្ជាតិ និងជនជាតិភាគតិចវៀតណាម​ម៉ុងតាញ៉ា ដែលមិនទទួលបានឋានៈ​ជាជនភៀសខ្លួន កំពុងរស់នៅកម្ពុជាចំនួន​៣២នាក់ (ស្រី​២១នាក់)។

នៅក្នុង​ឆ្នាំ២០១៨ ក្រសួងបានអនុវត្តនីតិវិធី លើករណីស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា ចំនួន​១៤នាក់ ស្រី​០៥នាក់ មាន​០៥សញ្ជាតិ​។ គិតចាប់ពីឆ្នាំ២០០៨ មកទល់ពេលនេះ ក្រសួងបានអនុវត្តនីតិវិធីលើករណីស្នើសុំសិទ្ធិជ្រកកោន​នៅកម្ពុជា មានដូចជា​៖ បិទករណីចំនួន​១៩៣នាក់ ស្រី​៦៤នាក់ មាន​១៨សញ្ជាតិ កំពុងដំណើរការនីតិវិធីចំនួន​១៦នាក់ ស្រី​០៥នាក់ មាន​០៧សញ្ជាតិ និងផ្តល់ឋានៈជាជនភៀសខ្លួន ចំនួន​៤៤នាក់ ស្រី​១៣នាក់ មាន​០៦​សញ្ជាតិ​។

សម្រាប់ការងារគ្រប់គ្រងពលករបរទេសវិញ ក្នុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញ​ការចុះធ្វើអធិការកិច្ចហត្ថពលករបរទេស នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា រកឃើញពលករបរទេស​គ្មានប័ណ្ណការងារ ចំនួន​៣,០៦៤នាក់ ធ្វើការផាកពិន័យរដ្ឋបាលជាទឹកប្រាក់ចំនួន ១,៥៣២,០០០,០០០រៀល​។ សរុបចាប់ពីឆ្នាំ២០១៤ មកទល់ពេលនេះ បានរកឃើញជនបរទេស ប្រកបមុខរបរខុសច្បាប់ ចំនួន​១០,៦៦២នាក់ ផាកពិន័យរដ្ឋបាលជាទឹកប្រាក់បានចំនួន ៥,៣០១,៤០០,០០០រៀល៕