(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ឲ្យដំណើរការទីស្នាក់ការកណ្តាលរបស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង គ្រោងនឹងដាក់ឲ្យដំណើរការសាខាថ្មីរបស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ស្របពេលកម្ពុជាមានការវិវត្តឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តមនេះមានទីតាំងស្ថិតនៅអគារលេខ៩៩ តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលស្ថិតនៅចំនុចកណ្តាលនៃសង្កាត់ពាណិជ្ជកម្មដែលអាចបម្រើសេវា កម្មជូនអតិថិជនប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានជ្រើសរើសយកប្រព័ន្ធឌីជីថលឈានមុខគេជាយុទ្ធសាស្រ្តគោលរបស់ខ្លួន និង ការផ្តល់សេវាធនាគារអេឡិចត្រូនិកដែលមានភាពរលូន និង ងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់កាត កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ និង មានសុវត្ថិភាពជាងគេរាល់ប្រតិបត្តិការហិរញ្ញវត្ថុ។

ការបោះជំហានចូលប្រឡូកក្នុងវិស័យហិរញ្ញវត្ថនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏ដូចជាការពង្រីកសាខារបស់ខ្លួនបានបង្ហាញថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាននឹងកំពុងតែដើរតួនាទីយ៉ាងសកម្មក្នុងក្នុងការគាំទ្រ ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុដែលនឹងចូលរួមចំណែកជួយឲ្យកម្ពុជាសម្រេចគោលដៅជាប្រទេសសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ខមមើសលប៊ែង គឺជាពាណិជ្ជកម្មទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩៕