(ភ្នំពេញ)៖ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិកលោក សុខ សុគន្ធ ហៅ ជេម សុខ បានបង្ហាញជំនឿចិត្តថា រាជរដ្ឋាភិបាលខ្មែររបស់សម្តេចតេជោ ហ៊ុន សែន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីឆ្លើយតបក្នុងករណីសហភាពអឺរ៉ុប សម្រេចព្យួរបណ្តោះអាសន្តនូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ លោក សុខ សុគន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យរំជើបរំជួលតាមព័ត៌មានញុះញង់របស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជុំវិញបញ្ហានេះ។

ក្នុងវីដេអូអត្ថាធិប្បាយរបស់ខ្លួន លោក សុខ សុគន្ធ បានមើលឃើញថា បញ្ហា EBA ដែលជាវិធានការរបស់សហភាពអឺរ៉ុបមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមហេតុផលមិនគោរពសិទ្ធិមនុស្ស ឬធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះនេះ វានឹងមិនធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាដួលរលំនោះឡើយ។

លោក សុខ សុគន្ធ បានបញ្ជាក់ដូច្នេះ «ប្រទេសកម្ពុជារាជរដ្ឋាភិបាលបានរៀបចំនូវកញ្ចប់ផែនការសម្រាប់ដោះស្រាយរឿងហ្នឹង។ ខ្ញុំក្រឡេកឃើញរាជរដ្ឋាភិបាល មានកញ្ចប់សម្រាប់ដោះស្រាយ លើបញ្ហាណុង ដែលកញ្ចប់ហ្នឹងយើងអត់ដឹងថា ជោគជ័យប៉ុណ្ណាទេ តែកញ្ចប់ហ្នឹងនឹងត្រូវបើក»។

លោក សុខ សុគន្ធ ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីដើមខែមករា ឆ្នាំ២០១៩នេះ ក៏ជាកញ្ចប់ផែនការមួយសម្រាប់ដោះស្រាយលើបញ្ហាព្យួរ EBA បណ្តោះអាសន្ននេះផងដែរ។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបន្តប្រឹងប្រែងធ្វើការងារ និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី ដោយកុំតក់ស្លុតជាមួយបញ្ហានេះ។ លោកក៏បានរំលឹកប្រជាពលរដ្ឋខ្មែរ ឲ្យរំជើបរំជួលតាមព័ត៌មានរបស់បរទេស ឬការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងរាជរដ្ឋាភិបាលដែលកំពុងរស់នៅបរទេស។

លោក សុខ សុគន្ធ បានមើលឃើញការចាត់វិធានការរបស់សហភាពអឺរ៉ុប គឺជារីករាយមួយរបស់ក្រុមទណ្ឌិត សម រង្ស៉ី ហើយគេនឹងយកបញ្ហានេះទៅវាយប្រហារលើសមរភូមិ សតិអារម្មណ៍របស់ប្រជាពលរដ្ឋ និងសមរភូមិនយោបាយនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

សហភាពអឺរ៉ុបជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ៕