(ស្វាយរៀង)៖ យ៉ាហោចណាស់ចំការអំពៅស្ករចំនួន៨៣ហិកតា របស់ក្រុមហ៊ុនចំនួន២ ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានភ្លើងឆេះបំផ្លាញស្ទើរសល់តែផេះផង់។ ករណីភ្លើងឆេះចំការអំពៅនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក កុយ សារ៉េន ម្ចាស់ចំការអំពៅ បានឲ្យដឹងថា មុនពេលមានភ្លើងឆេះ គេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងដែរ ស្រាប់តែសុខៗ មានជាអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅហើយស្លឹកអំពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំងណាស់។

លោកបានបន្តទៀតថា ខណៈដែលភ្លើងកំពុងឆេះនោះ ក្រុមកម្មករបាននាំគ្នារត់មកការដ្ឋាន ដើម្បីយកត្រាក់ទ័រភ្ជួរកាត់ចំការអំពៅ និងបាញ់ទឹក ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារមានខ្យល់បក់ហើរស្លឹកអំពៅ ដែលឆេះមកកាត់មុខត្រាក់ទ័រ ហើយការឆេះនោះវាលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ហេតុការណ៍នេះ បណ្តាលឲ្យឆេះចម្ការរបស់លោកអស់ចំនួន ៥៧ហិចតា និងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន២៦ហិចតាផងដែរ។

លោកបានបញ្ជាក់ទៀតថា ភ្លើងនេះបានរលត់ទៅវិញនៅម៉ោង២៖២០នាទីរសៀលថ្ងៃដដែល ហើយមូលហេតុបណ្តាលឲ្យឆេះនេះមិនដឹងច្បាស់ថា ជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់ថា ចំការអំពៅតែងតែអគ្គិភ័យឆេះជាច្រើនលើក ច្រើនសារមកហើយ ឱ្យតែដល់រដូវប្រាំងចូលមកដល់ ដែលបណ្តាលឱ្យក្រុមហ៊ុនដាំអំពៅទាំងនោះ មានការខាតបង់ខ្ទង់ម៉ឺនដុល្លារ៕