(បាត់ដំបង)៖ ថ្នាំញៀនជាង១៥គីឡូក្រាម រួមជាមួយជនជួញដូរម្នាក់ និងបក្ខពួកចែកចាយថ្នាំញៀន សរុប៣នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្ដិការចុះបង្ក្រាបបាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា វេលាម៉ោង១៦៖៣០ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ហ្លួង ឃុំវត្តគរ ក្រុងបាត់ដំបង កម្លាំងអាវុធឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ តាត គីរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្នាន​, ទី២៖ ឈ្មោះ ឈួន ម៉ារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបំរើខារ៉ាអូខេ។ វត្ថុតាងដកហូត៖ គ្រឿងញៀន (ទឹកកក) ចំនួន៣កញ្ចប់ ស្មើ៣០៦.៤៦ក្រាម, ទូរស័ព្ទ២គ្រឿង, រថយន្ត១គ្រឿង។

បន្ទាប់ពីមានការសហការពីជនសង្ស័យខាងលើ នៅវេលាម៉ោង១០៖៥០នាទី អាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ដោយមានការចូលរួមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១១៖៣០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្ត បានឆែកឆេរលំនៅដ្ឋាន។

សម្ភារ និងវត្ថុតាង ដកហូត៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ថ្លឹងទាំងសំបក) ស្មើ១៥,៤៩៣ គីឡូក្រាម ជញ្ជីងចំនួន២គ្រឿង, ប្រាក់ចំនួន១,៧៨៩,០០០រៀល និង២,៣៦០បាត សម្ភារវេចខ្ចប់មួយចំនួន។ សរុបគ្រឿងញៀន ដែលបានដកហូត (ថ្ងៃ១១-១២ ខែកុម្ភៈ ឆ្នាំ២០១៩) មានចំនួន១៥.៨គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន៣នាក់។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕