(បាត់ដំប​ង)៖ អាជីវករលក់ចំណីអាហារនៅផ្សារថ្មគោល ៤៧តូបស្មើនឹង១១៣នាក់ បាននាំគ្នាសប្បាយរីករាយ បន្ទាប់ពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសឲ្យអាជីវករលក់ចំណីអាហារ នៅផ្សារថ្មគោល ចូលលក់បន្តទៀត។

ការប្រកាសសាររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង រវាងភាគីក្រុមហ៊ុនផ្សារថ្មគោល ដែលមានលោក ហេង ឆាត ជាប្រធានក្រុមហ៊ុន ចង់យកផ្នែកចំណីអាហារ ជួរជំហៀងផ្សារ ធ្វើជាផ្ទះល្វែងលក់វិញ។ ការប្រកាសនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកថ្មគោល ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត, លោកអភិបាលស្រុកថ្មគោល, កងកម្លាំង និងអាជីវករផ្សារ។

បើតាមលោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា ផ្សារថ្មគោល បានដាក់ឲ្យដំណើរការ ឲ្យអាជីវករចូលលក់ មានរយៈពេល១១ឆ្នាំមកហើយ លុះដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ក៏មានការផ្ទុះឡើង រវាងភាគីក្រុមហ៊ុនផ្សារ ដែលមានលោក ហេង ឆាត ជាប្រធាន បានប្រាប់ទៅអាជីវករលក់ដូរ ផ្នែកចំណីអាហារជួរជំហៀងផ្សារ ដើម្បីយកដីនេះ ធ្វើជាផ្ទះល្វែងលក់វិញនេះ។

លោក គឹម វណ្ណៈ បានបន្ដទៀតថា ភ្លាមៗនោះ ក៏មានពាក្យបណ្តឹងរបស់អាជីវករ បានប្តឹងមករដ្ឋបាលស្រុកឲ្យជួយដោះស្រាយ ហើយអាជ្ញាធរស្រុក ក៏បានធ្វើការដោះស្រាយ ច្រើនលើកច្រើនសារមកហើយ តែពុំទាន់ទទួលលទ្ធផលសោះ ទើបលោកអភិបាលខេត្តបាត់ដំបង បានចុះមកដោះស្រាយ។

បន្ទាន់ពីមានបណ្តឹងតវ៉ារវាង អាជីវករលក់ដូរចំណីអាហារ តាមរបងខាងក្រៅផ្សារ ប្តឹងតវ៉ាទៅលោកប្រធានក្រុមហ៊ុនផ្សារ ជាច្រើនលើកច្រើនសារមកហើយនោះ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានលោក ងួន រតនៈ បានចុះមកដោះស្រាយ និងប្រកាសឲ្យអាជីវករលក់ដូរចំណីអាហារទាំងអស់ ត្រូវចូលមកលក់ដូចដើមវិញ។

លោក ងួន រតនៈ បានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែងអាជីវករលក់ដូរចំណីអាហារ នៅផ្សារថ្មគោល ទាំង១១៣នាក់ ស្មើនឹង៤៧តូបនេះ ជួបប្រទះការលំបាកផងនោះ និងដោយមាន ការណែនាំ និងអនុសាសន៍ផ្ទាល់របស់សម្តេចតេជោ លោកបានចុះមកដោះស្រាយជាបន្ទាន់ ព្រមទាំងបានប្រកាសដំណឹងល្អ របស់សម្តេចដែលបានអនុញ្ញាត្ដ ឲ្យពួកគាត់ចូលលក់ដូរដូចដើមវិញ ចាប់ពីថ្ងៃប្រកាសនេះតទៅ៕