(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី​ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសម្ពោធឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នូវផ្លូវលំក្រាលក្រួស១ខ្សែដ៏ថ្មីស្រឡាងប្រវែង ២,៨០០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណ១០០លានរៀល ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។

​នាយឧត្តមសេនីយ៍ អ៊ី ឈាន បានឱ្យថា សមិទ្ធផលនានា ដែលកើតមានឡើងនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាង សមិទ្ធិផលនានា ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ជួបបញ្ហា ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

លោកក៏បានបញ្ជាក់ទៀតថា ការធ្វើផ្លូវលំក្រាលក្រួស១ខ្សែរនេះ ពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផល យកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។

លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែង ជាពិសេសត្រូវចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួស១ខ្សែរ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាកញ្ចប់ថវិកាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រីបាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ប្រមាណ ១០០លានរៀល។ ក្នុងឱកាសនោះផងដែរ លោក អ៊ី ឈាន និងក្រុមការងារក៍បាន ឧបត្ថម្ភដល់អ្នកចូលរួមជិត ២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕