(កោះកុង)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង០៣៖៣០រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោក អន ភារៈ អភិបាលរងខេត្ត បានចុះចែកទឹកជូនប្រជាពលរដ្ឋ ចំនួន១,៣៦៦គ្រួសារ នៅចំណុចឃុំ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលកំពុងខ្វះទឹកប្រើប្រាស់។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង បានបញ្ជាក់ទៀតថា ការខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ រស់នៅទីតាំងខាងលើនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឲ្យពួកគាត់ ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុកទុក នៅក្នុងពាង ឬអាង។

ទាក់ទិននឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ នៅវេលាម៉ោង០៩៖០០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ អភិបាលរងខេត្ត និងអភិបាលក្រុងខេមរភូមិន្ទ ឮនឹងបន្ដចុះចែកជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចំនួន៦០០គ្រួសារបន្ថែមទៀត។

សូមជម្រាបថា កាលពីខែមុន បញ្ហាកង្វះទឹកប្រើប្រាស់នេះ ក៏មានការកើតឡើងរួចម្ដងមកហើយដែល ដោយកាលនោះ ប្រជាពលរដ្ឋអត់មានទឹកប្រើប្រាស់ អស់រយៈពេល១សប្តាហ៍ ដោយមូលហេតុទុយោមេនាំទឹក របស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបែកនាំឲ្យទឹកបានបែកធ្លាយ នៅតំបន់ជ្រោះតាប៉ន៕