(ភ្នំពេញ)​៖​ នៅថ្ងៃអង្គារ​ ៧កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានទទួលអំណោយអង្ករចំនួន ២០តោន ពីក្រុមហ៊ុន​ ណាសា​ ខសមេធីក​ ខូអិលធីឌី​ ដែល​ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសទទួលអំណោយនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន​ ណាសា​ ខសមេធីក​ ខូអិលធីឌី​ ដែល​មានសេចក្តីជឿទុកចិត្ត​ និងនាំយកអំណោយអង្ករមកជូនកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​បំផុតរួមមាន ចាស់ជរាគ្មានទីពឹង គ្រួសារមានជំងឺរ៉ាំរ៉ៃ គ្រួសារស្រី្តមេម៉ាយមានកូនច្រើន គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារជនពិការ។ល។​ កាកបាទក្រហមកម្ពុជា​ នឹងយកអំណោយទៅប្រេីប្រាស់​ដោយតម្លាភាព​ឱ្យបានទាន់ពេលវេលា​ គឺមិនទុកឱ្យអ្នកដែលត្រូវការឱ្យជួយនៅរង់ចាំយូរឡើយ។​

ជាមួយគ្នានោះ​ លោកស្រីអគ្គលេខាធិការ​ បានជម្រាបជូនថា​ ក្រៅពីការផ្តល់អំណោយជាស្បៀង​ ថវិកា​សម្រាលការលំបាក​ កាកបាទក្រហមកម្ពុជា​ ក៏នៅមានការផ្តល់អណ្តូងទឹក​ ស្រះទឹក​ បង្គន់អនាម័យ។ល។ ជាពិសេស​ ការពាំនាំសារអប់រំសុខភាពរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ដេីម្បីទប់​ស្កាត់​ជំងឺតម្កាត់​ ជំងឺឆ្លងផ្សេងៗ​ ដេីម្បីលេីកកម្ពស់កម្រិត​ជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ​ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។

លោក​ សា​ មូហាំម៉េតណាជីប​ និងលោកស្រី​ លី​ វីសា​ អគ្គនាយក-អគ្គនាយិការក្រុមហ៊ុន​ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន​ បានចូលរួមចំណែកការងារមនុស្សធម៌មួយផ្នែកក្នុងការជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ​ តាមរយៈកាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ដែលតែងតែមានសន្តានចិត្ត​ប្រោសប្រណីជួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់​ វណ្ណៈ​ ពូជសាសន៍​ ពណ៌សម្បុរ​ សាសនា​ ឬនិន្នាការនយោបាយអ្វី​ឡេីយ៕