(ភ្នំពេញ)​៖​ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃអង្គារ​ ៧កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បាន​ប្រគល់ថវិកាឧបត្ថម្ភចំនួន ២០លានរៀល ដល់អង្គការ​សង្គ្រោះជនអស់សង្ឃឹម​ និង​ថវិកា​ ២០លានរៀលទៀត​ ដល់អង្គការគ្រួសារថ្មី សម្រាប់ឆ្នាំ ២០១៩ នេះ ។

ក្នុងឱកាសប្រគល់ថវិកានោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ដ៏ជ្រាលជ្រៅ ចំពោះលោកយាយៗ ចៅៗ ក្មួយៗ​ និងកុមារពិការគ-ថ្លង់ទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងអង្គការទាំងពីរខាងលេីនេះ។ ជាមួយគ្នានេះ លោកស្រី ពុំ ចន្ទីនី ក៏បានកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈ ការជួយឱ្យកុមារពិការគ-ថ្លង់ អាចអភិវឌ្ឍខ្លួនបានល្អប្រសើរឡើង​ ព្រមទាំងជួយដល់កុមារកំព្រា ចាស់ឥតទីពឹង និងអ្នក​រស់នៅជាមួយ​មេរោគអេដស៍ បានរស់នៅដោយភាពកក់ក្តៅ។

តំណាងអង្គការទាំងពីរខាងលេីនេះ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ។

សូមរំលឹកដែរថា នេះជាលើកទី​១៣​ហើយ ដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹម​ និងជាលើកទី១១​ សម្រាប់អង្គការគ្រួសារថ្មី៕