(សៀមរាប)៖ ប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមបន្តជួសជុលឡើងវិញ កាលពីដើមខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានបញ្ហាកង្វះថវិកា នាពេលកន្លងមក។

ក្នុងពេលទស្សនកិច្ចនៅការដ្ឋានជួសជុល ប្រាសាទមេបុណ្យខាងលិច នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរឡើងវិញចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ តាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ស្ថានទូតបារាំងក៏បានប្រគល់នូវរថយន្តចំនួន ២គ្រឿង ដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកប្រើប្រាស់សម្រាប់ការដ្ឋាននេះផងដែរ។

ប្រាសាទមេបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា បានចាប់ផ្តើមជួសជុលឡើងវិញចាប់ពីឆ្នាំ២០១២ ដោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។
ការដ្ឋាននេះមានភាពស្មុគស្មាញ ដោយសារវាស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលត្រូវបានលិចទឹកព័ទ្ធជុំវិញស្ទើរតែពេញមួយឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដឹកជញ្ជូនសម្ភារៈ ក៏ដូចជាដំឡើងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ បញ្ហានេះត្រូវបានដោះស្រាយដោយអាជ្ញាធរជាតិអប្សរា ដោយបានជួយបច្ចេកទេសទឹកនៅក្នុងការងារនេះ ដើម្បីអនុញ្ញាតឱ្យដំណើរការ១២ខែក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការដ្ឋាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនោះដែរ ខាងអាជ្ញាធរជាតិអប្សរាដឹកនាំដោយលោក ហង់ ពៅ ចំណែកស្ថានទូតបារាំងដឹកនាំដោយលោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) ដែលជាសហប្រធានក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច៕