(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកបើកកងបី Passapp ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះ នៅវេលាទាបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិក សង្កាតច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

​លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនបើកការស៉ើបអង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងតាមពាក្យបណ្ដឹង​ជនរងគ្រោះម្នាក់ឈ្មោះ ស្មាស់ ប៉ូ​ពីន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូកង់បី (PASSAPP) មានទីលំនៅផ្ទះលេខ៧៨៦ ផ្លូវជាតលេខ០៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ដោយឡែក​ជនសង្ស័យដែលឃាត់ខ្លួនទី១៖ឈ្មោះ ប៉ែន សារ៉ែត ​អាយុ២០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ក្នុងក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ, ទី២៖ឈ្មោះ ម៉ីន ហូសាន់​ ​អាយុ២៨ឆ្នាំ​ មានទីលំនៅផ្ទះគ្មានលេខ ក្នុងភូមិបិងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងទី៣៖ឈ្មោះ ឯល រ៉ាវី អាយុ២៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ក្នុងក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ​។

បើតាមជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី (PASSAPP) បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោងប្រហែលជាង៣យប់ទាបភ្លឺ ជនសង្ស័យទាំង៣នាក់ ស្ថិតនៅខាងមុខផ្សារច្រាំងចំរេះ ក្នុងក្រុមទី១ ភូមិខ.២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានដើរមកហៅ (PASSAPP) ឲ្យឈប់ ហើយធ្វើសកម្មភាពឆក់​ទូរស័ព្ទ ម៉ាក OPPO ពណ៌ខ្មៅ​១គ្រឿង ហើយរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។

លោកវរសេនីយ៍ទោ គល់ យី បានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សាកសួរប៉ុន្មានម៉ោងក្រោយ ពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី (PASSAPP) ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕