(រតនគិរី)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់មន្រ្តីនគរបាលទាំងអស់ ត្រូវចៀសវាងឲ្យបានដាច់ខាតរាល់ការយកតួនាទី ភារកិច្ច និងស័ក្តិរបស់ខ្លួន ទៅធ្វើជាមុខរបរ ជាពិសេសទៅកៀបសង្កត់ប្រជាពលរដ្ឋ តាមគ្រប់រូបភាពណាក៏ដោយ។ នាយឧត្តមសេនីយ៍ បានព្រមានថា ប្រសិនបើរកឃើញមន្រ្តីនគរបាលរូបណា បានប្រព្រឹត្តទង្វើអសកម្មណា មួយក្នុងអង្គភាព ឬកៀបសង្កត់ពលរដ្ឋ នោះនឹងត្រូវតែទទួលទោសជាមិនខានឡើយ។

ការព្រមាន និងការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់រូបនេះ បានធ្វើឡើងព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ខណនាយឧត្តមសេនីយ៍ រួមជាមួយលោក ថង សាវុន អភិបាលខេត្តរតគិរី បានអញ្ជើ្មញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តរតគិរី។

នៅក្នុងពិធីខាងលើនេះ ក៏មានការចូលរួមពីប្រធានសាលាដំបូង, ព្រះរាជអាជ្ញា, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង, មេបញ្ជាការស្តីទី អ-ហ ខេត្ត, លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក-ក្រុងទាំង៩ផងដែរ។

នៅចំពោះមុខមន្រ្តីនគរបាលទាំងនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានព្រមានដល់មន្រ្តីក្រោមឱវាទ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការ ចោទប្រកាន់ពី មហាជនទូទៅ ដែលនាំឲ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូវិន័យរបស់មន្រ្តីនគរបាល «ប្រសិនបើរកឃើញថា មន្រ្តីរូបណាប្រព្រឹត្តទង្វើបែបនេះ ត្រូវទទួលទោសជាក់ជាមិនខាន»

នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំថា ក្នុងនាមជាមន្រ្តីនគរបាល ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីផ្ទៃក្នុងអង្គភាព ឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព តម្លាភាព កាន់តែប្រសើរឡើង។

ដោយឡែកលោក ថង សាវុន ក៏បានជំរុញឲ្យមន្រ្តីនគរបាលគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធ្វើយ៉ាងណាបន្តរួមគ្នា បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ឲ្យមានភាពកក់ក្តៅ ជាពិសេសនោះ ត្រូវបន្តស្រាវជ្រាវបង្រ្កាបឲ្យបានរាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ដែលទើបតែងតាំងថ្មី បានប្តេជ្ញាអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត រាល់ការដាក់ចេញនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសនោះ ធ្វើឲ្យផ្ទៃក្នុងអង្គភាពកាន់តែមានភាពរឹងមាំសម្តៅដល់ការបម្រើ ការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន អតីតស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ ងួន គឿន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕