(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវចុះពិនិត្យមើលទីតាំងគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិក ប្រភេទ M117 ទម្ងន់ជាង៣០០គីឡូក្រាម ដែលបានរកឃើញនៅស្រុកគងពិសី។

តាមរយៈ Facebook ផ្លូវការរបស់លោក អភិបាលខេត្តរូបនេះ បានផ្តាំទៅសហរដ្ឋមអាមេរិកថា គួរតែយកចិត្តទុកដាក់លើបញ្ហាគ្រាប់បែក ដែលបន្សល់ទុកពីអតីតកាលលើទឹកដីខ្មែរខ្លះផង កុំខ្វល់ខ្វាយតែរឿងធ្វើបាបកម្ពុជាតែមួយមុខនោះ។

លោក វ៉ី សំណាង បានសរសេរក្នុង Facebook របស់លោកថា «USA គួរតែយកចិត្តដាក់លើបញ្ហាគ្រាប់បែក ដែលបន្សល់ទុកពីអតីតកាលនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាខ្លះផង កុំផ្តោតតែការយកចិត្តទុកដាក់ ទៅលើតែរឿងធ្វើបាបប្រទេសកម្ពុជា ប្រជាជនកម្ពុជា តែមួយមុខពេក។ ពីព្រោះប្រជាជនកម្ពុជា ក៏ត្រូវការរស់រាន្តមានជីវិត និងជីវភាពរស់នៅដូចប្រជាជន USA និង ប្រជាជនប្រទសដទៃដែរ»

សូមជម្រាបថា គ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកកាលពីសម័យសង្គ្រាម ប្រភេទ M117 ទម្ងន់ជាង៣០០គីឡក្រាម ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា គ្រាប់បែកនេះត្រូវបានប្រជាពលរដ្ឋជីដីប្រទះឃើញ និងបានរាយការណ៍មកកម្លាំងស៊ីម៉ាក់។ កម្លាំងស៊ីម៉ាក់បានចុះពិនិត្យលក្ខណៈគ្រាប់បែកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកលើកឡើងថា «បងប្អូនជីកដីឃើញគ្រាប់បែកដែលទំលាក់ ក្នុងសម័យសង្គ្រាម​ មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ កំលាំងស៊ីម៉ាក់បានកំណត់ប្រតិបតិ្តការ យកចេញនៅថ្ងៃ១២​ ខែកុម្ភៈនេះ​ បន្ទាប់ពីបានពិនិត្យស្ថានភាពលក្ខណ:បច្ចេកទេស គ្រាប់បែកនេះរួចកាលពីម្សិលមិញ»។

ស៊ីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕