(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធតហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ​០២នាក់ ទៅតុលាការ​ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង​០២នាក់​នេះ មុនឃាត់ខ្លួន​ដំបូងឡើយ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ សេង ចិត្រ្តា ដែលជាជនរងគ្រោះ បានបាត់រថយន្ត​០១គ្រឿង ម៉ាក TOYOTA MATRIX ព័ណ៌ទឹកមាស​ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-2402 ដោយបានចតទុកក្រោមសំយ៉ាបផ្ទះ ហើយមិនបានយកប័ណ្ណសំគាល់រថយន្ត ប័ណ្ណបើកបរ និងសោរចេញពីរថយន្តនោះទេ រួច​ចូលទៅក្នុងផ្ទះសម្រាកធម្មតា ក្រោយពេលភ្ញាក់ពីដំណេកមកវិញ ទើបជនរងគ្រោះដឹងថា រថយន្តខ្លួនត្រូវបានចោរលួចបាត់។

លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួន នៅចំណុច​ផ្លូវ១៨២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានជនសង្ស័យ​០២នាក់ កំពុងបើក​ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ។ ក្នុងនោះជនសង្ស័យទី១៖ ឈ្មោះ ហ៊ន ហាក់ ភេទប្រុស អាយុ​៣៦ឆ្នាំ និងទី២៖ឈ្មោះ គ្រៀល ថុន ភេទប្រុស អាយុ៣៩ឆ្នាំ។

ក្រោមវិធានការ នៃការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម​ទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ពួកគេបានសារភាព​ឲ្យដឹងថា មុនសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ឈ្មោះ ហ៊ន ហាក់ បានចូលលេងល្បែងស៊ីសងនៅណាហ្កាវើល ហើយបានជួបបុរសម្នាក់ អាយុប្រហែល​៣០ឆ្នាំ ដែលកំពុងលេងល្បែងនៅណាហ្កាដូចគ្នា បន្ទាប់មករូបគេទាំង​០២នាក់ បានយករថយន្ត​០១គ្រឿង ម៉ាក TOYOTA MATRIX ព័ណ៌ទឹកមាស​ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-2402 ទៅដាក់បញ្ចាំ​នៅហាងបញ្ចាំមួយកន្លែង មានទីតាំងនៅផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាក់​១,០០០ដុល្លារ ហើយបុរសនោះបានឲ្យប្រាក់មកខ្លួន​៥០ដុល្លារ។

ជនសង្ស័យបានបន្ដថា បន្ទាប់មកបុរសនោះ​ទូរស័ព្ទឲ្យរូបខ្លួនយកប្រាក់​៥០០ដុល្លារ​​បន្ថែមទៀត តែរូបខ្លួនបានប្រាប់ថា ទាល់តែ​លួសរថយន្តនោះ ហើយទៅបញ្ចាំកន្លែងផ្សេងទើបបាន មួយសន្ទុះក្រោយមកស្រាប់តែមានបុរស​០២នាក់ ជិះម៉ូតូឌុប​យកលុយមកឲ្យខ្លួន​១,១០០ដុល្លារ ដើម្បីលួសយករថយន្តនោះមកវិញ។ ក្រោយពេលលួសរថយន្តនោះបាន​រូបគេ និងឈ្មោះ គ្រៀល ថុន បានជិះរថយន្តនោះទៅហាងបញ្ចាំ​មួយកន្លែងទៀត លុះដល់ចំណុច​ផ្លូវលេខ២៥៧ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រូបគេទាំង​០២នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក​ឃាត់ខ្លួនតែម្តង៕