(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៉ី (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៉ី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ។

ចាប់ពីឥឡូវនេះតទៅ អតិថិជនរបស់ធនាគារសាខមប៊ែង អាចដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូ បង់ប្រាក់កម្ចី កាតឥណទាន និងគណនីធនាគារសាខមប៊ែង តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមានសាខាជាង៤,៥០០កន្លែងទូទាំងប្រទេសបាន។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៉ី បានថ្លែងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មកាន់តែទូលំទូលាយ ទៅដល់អតិថិជនជាដៃគូរបស់យើង ឲ្យមានភាពងាយស្រួល ក្នុងការទូទាត់ប្រាក់ ផ្ទេរប្រាក់ និងសេវាជាច្រើនផ្សេងទៀតតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ»

ជាមួយគ្នានេះ លោក Phung Thai Phung អគ្គនាយករងធនាគារសាខមប៊ែង ក៏បានថ្លែងផងដែរថា «ការសហការជាដៃគូរវាងធនាគារសាខមប៊ែង និងក្រុមហ៊ុន លី ហួរ វេរលុយ គឺជាការបើកទូលាយសម្រាប់អតិថិជនទាំងអស់ ឲ្យកាន់មានភាពងាយស្រួលក្នុងទូទាត់ប្រាក់ នៅក្បែរទីតាំងរស់នៅរបស់ខ្លួន ដែលអាចសន្សំសំចៃពេលវេលា ថវិកា និងធានាបានថាពួកគាត់ទទួលបានសេវាគ្រប់គ្រាន់នៅពេលមានតម្រូវការ»

លោកបន្តទៀតថា ភាពជាដៃគូនេះក៏ជាការផ្តល់ឱកាស សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់ សេវាកម្មធនាគារ ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារសាខមប៊ែង ដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់ការរៀនសូត្រកូន និងប្រកបអាជីវកម្ម ផ្សេងៗជាច្រើនទៀត។

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៉ី អាចបង់ ឬបើកប្រាក់កម្ចី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង៤,៥០០កន្លែងទូទាំងប្រទេស។ អតិថិជនរបស់ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៉ី ទាំងអស់កាន់តែងាយស្រួលជាងមុន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវព័ត៌មាន ដូចជា ឈ្មោះអតិថិជន លេខសម្គាល់អតិថិជន ទឹកប្រាក់ និងលេខទូរស័ព្ទ ទៅកាន់ភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅជិតលោកអ្នកបំផុតជាការស្រច។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៉ី អាសយដ្ឋានអគារលេខ៨៥-៨៨ មហាវិថីគឺមអ៉ីលសុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៦០១ ១១១។ ទំនាក់ទំនងធនាគារសាខមប៊ែង អាសយដ្ឋានអគារលេខ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២២៣ ៤២៣៕