(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើមន្ត្រីរបស់ខ្លួន ដែលបានបាត់បង់ជីវិតលោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន១៨លានរៀល ដែលជាថវិការបស់សមាគម នៃមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចុះប្រគល់ជូនគ្រួសារសពចំនួន ៣គ្រួសារ នៅស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ។

លោក ឈរ បៀនគង់ បានលើកឡើងថា ការបាត់បង់មន្រ្តីទាំង៣រូបនេះ គឺជាការបាត់បង់មន្រ្តី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តខិតខំបំពេញការងារជូនរដ្ឋ ដោយបានបន្សល់ទុក នូវស្នាដៃជាច្រើន ដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់ធនធានមនុស្ស ដែលមានចំណេះដឹងជំនាញ ក្នុងការជួយកសាងប្រទេសកន្លងមក។

លោកបានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្មក៏ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សូមសំដែងនូវសមានចិត្តដ៏សែនក្ដុកក្ដួល សោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណទុក្ខ លោកស្រីព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពលោកទាំង៣នាក់ ប្រកបដោយសមានទុក្ខ ក្ដីសង្វេគរកទីបំផុតគ្មាន និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកទាំងបី នៅតាមជួយថែរក្សាដល់ក្រុមគ្រួសារនឹងបាន ទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរ គ្រួសារសពបានថ្លែងអំណរគុណ ដល់ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់នៅក្នុងការផ្ដល់ថវិការបស់សមាគមជូនគ្រួសារសពយើងខ្ញុំ សូមថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្ដីសុខ នឹងទទួលបានសុខភាពល្អទទួលជ័យជំនះ គ្រប់ភារកិច្ច។

សូមបញ្ជាក់ថា គ្រួសារសពដែលទទួលបានអំណោយនេះរួមមាន៖

*ទី១៖ គ្រួសារសព លោក កឹម សុខេន អតីតប្រធានការិយាល័យកសិកម្មស្រុកបារាយណ៍ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ
*ទី២៖ គ្រួសារសពលោក អ៊ួក ទីន អតីតមន្រ្តីនៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ
*ទី៣៖ គ្រួសារសពលោក ជៃ ហម អតីតមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨៦ ឆ្នាំដោយរោគាពាធ៕