(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមសិល្បករ​ចេញទៅសម្ដែងសិល្បៈចំនួន៥ទម្រង់ ក្នុង​ព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី តាមរយៈសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។

ក្បួនដង្ហែ «ឈីងហ្គេ» ជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីត​នាយករដ្ឋមន្ត្រី លី ក្វាន់យូ ​ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។

​ក្នុងក្បួនព្យុហយាត្រានេះ មានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិប្រមាណ ​១៥០​ស្ថាប័ន និងរួមបញ្ចូលជាមួយ​បណ្តាសិល្បករ សិល្បការិនី មកពីជុំវិញពិភពលោក សរុបទាំងអស់ប្រមាណជិត ១០,០០០​នាក់ រួមគ្នាបង្ហាញពីសិល្បៈវប្បធម៌ នៃជាតិសាសន៍រៀងៗខ្លួន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា សិល្បករដែលចេញទៅសម្ដែងសិល្បៈទាំង៥ទម្រង់នេះ ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

លោក សុខ សប្បាយណា បានបន្ថែមថា ​ការចូលរួមរបស់កម្ពុជា ជាការចាប់យកឱកាសបង្ហាញពី​វប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែឈីងហ្គេ​។ ជាមួយគ្នានោះដែរ កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជា នាពេលអនាគត តាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។

សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបញ្ជាក់ថា សិល្បៈ៥ទម្រង់ដែល ត្រូវយកទៅសម្ដែងនោះរួមមាន ទី១៖ របាំម្ករ, ទី២៖ ឈុតព្រះថោងនាងនាគ, ទី៣៖ ឈុតកូរសមុទ្រទឹកដោះ, ទី៤៖ របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ និងទី៥៖ ក្បាច់ផ្ការំដួល។

ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ​ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួម យ៉ាងសកម្មរបស់យុវជនខ្មែរ​ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយ តាមលទ្ធភាពផ្សេងៗ ដែលអាចធ្វើបាន។ មួយវិញទៀត ​គណៈប្រតិភូ សិល្បករ សិល្បការិនី ទាំងអស់ នឹងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងនាមជាតំណាងយុវជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនដឹកនាំនាវាកម្ពុជាទៅថ្ងៃអនាគត។

ខាងក្រោមជាព័ត៌មានលំអិតពាក់ព័ន្ធនឹងរបាំទាំង៥ទម្រង់របស់កម្ពុជា ដែលចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «ឈីងហ្គេ»៖

* របាំម្ករ៖ ជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជម្នះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរ ចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។

* ឈុតព្រះថោងនាងនាគ៖​ ជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និងជំនឿសាសនាដែលនាំឲ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។

* ឈុតកូរសមុទ្រទឹកដោះ៖ បង្ហាញពីការរួមគ្នា សហការគ្នា​ចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាង​ទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធិផល ដែលបម្រើដល់ផលប្រយោជន៍រួម។

* របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ៖ បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់ នៃគុណល្បុក្កតោ។

* ក្បាច់ផ្ការំដួល ផ្ការំដួល៖ ជាផ្កាអត្តសញ្ញាណជាតិខ្មែរ ដែលចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូ​វបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប៕ ​