(ភ្នំពេញ)៖ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំសិស្សថ្នាក់ទី១១ មកពីសាលាប៊ែលធីអន្តរជាតិ ចំនួន១០រូប ទៅចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និង Sydney City College of Management នៃប្រទេសអូស្រ្តាលី ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសន្និសីទកិច្ចសហប្រតិបត្តិការប៊ែលធី ឆ្នាំ២០១៨។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សនឹងត្រូវចូលរួមសិក្សាវគ្គខ្លីស្តីអំពីការតម្រង់ទិសលើមុខវិជ្ជា គណនេយ្យ ពាណិជ្ជកម្មរដ្ឋបាល ពត៌មានវិទ្យា និងគ្រប់គ្រងបដិសណ្ឋារកិច្ច ជាមួយសិស្ស-និស្សិតអន្តរជាតិដែលកំពុងសិក្សានៅទីនោះ និងការធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនក្នុងទីក្រុងស៊ីដនី។

ជាមួយគ្នានេះដែរ កញ្ញា លី សុខុម អនុប្រធានការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងជាប្រធានដឹកនាំសិស្សានុសិស្សទាំង១០រូប បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកម្មវិធីសិក្សារបស់សាលា ប៊ែលធី អន្តរជាតិ ព្រោះនេះ គឺជាឱកាសដ៏ល្អប្រសើរ សម្រាប់សិស្សានុសិស្សក្នុងការទទួលបាននូវការផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សានៅ ក្រៅប្រទេស ពិសេសគឺការស្វែងយល់បន្ថែមអំពី ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ប្រទេសអូស្រ្តាលី ដែលមានប្រព័ន្ធអប់រំទំនើប ជឿនលឿន និងមានការទទួលស្គាល់ទូទាំងសកលលោក។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់គ្រឹះស្ថានអប់រំជាដៃគូ របស់ខ្លួនឯក្រៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក សាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ព្រះរាជាណាចក្រថៃ សរុបចំនួន៥៤១រូប រួចមកហើយ។

កញ្ញាក៏បានលើកឡើងបន្ថែមទៀតថា ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូ ជាមួយគ្រឹះស្ថានអប់រំល្បីៗ នៅប្រទេសអូស្រ្តាលីបន្ថែមទៀត ដើម្បីជាឱកាសសម្រាប់សិស្ស-និស្សិតកម្ពុជាគ្រប់រូប ទៅបន្តការសិក្សានៅទីនោះ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ទន្ទឹមនឹងនេះដែរសិស្សរបស់សាលាប៊ែលធីមួយរូបក្នុងចំណោមសិស្សទាំង១០រូប ដែលមានឈ្មោះ ប្រុស ប្រាក់ រ៉េនណាវណ្ណ មកពីសាលា ប៊ែលធី អន្តរជាតិទី៥ (សាខាច្បារអំពៅ) បានសម្តែងនូវសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាមួយនេះ។ ប្អូនប្រុសក៏ដូចជាសិស្សានុសិស្សទាំង៩រូបទៀត បានរំពឹងថាតាម រយៈកម្មវិធីនេះ ពួកគេនឹងទទួលបាននូវចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត បទពិសោធន៍នៃជីវិតសិក្សានៅក្រៅប្រទេស និងការរស់នៅដោយពឹងពាក់លើខ្លួនឯង ពេលនៅឆ្ងាយពីគ្រួសារ ពិសេសគឺការបង្កើនចំណងមិត្តភាព ភាតរភាព និងចេះសម្របខ្លួនក្នុងការងារជាក្រុម និងការរស់នៅជាសមូហភាព។

សូមបញ្ជាក់ថា សាលាប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅនៅគ្រប់ទីតាំងប៊ែលធី ទាំង១៩សាខា ថ្នាក់ចំណេះទូទៅឆមាសទី២ និងថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បង់ថ្លៃសិក្សា១វគ្គ ផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម ១ឈុតផងដែរ៕