(កំពង់ស្ពឺ)៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកកាលពីសម័យសង្គ្រាម ប្រភេទ M117 ទម្ងន់ជាង៣០០គីឡក្រាម ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា គ្រាប់បែកនេះត្រូវបានប្រជាពលរដ្ឋជីដីប្រទះឃើញ និងបានរាយការណ៍មកកម្លាំងស៊ីម៉ាក់។ កម្លាំងស៊ីម៉ាក់បានចុះពិនិត្យលក្ខណៈគ្រាប់បែកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកលើកឡើងថា «បងប្អូនជីកដីឃើញគ្រាប់បែកដែលទំលាក់ ក្នុងសម័យសង្គ្រាម​ មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ កំលាំងស៊ីម៉ាក់បានកំណត់ប្រតិបតិ្តការ យកចេញនៅថ្ងៃ១២​ ខែកុម្ភៈនេះ​ បន្ទាប់ពីបានពិនិត្យស្ថានភាពលក្ខណ:បច្ចេកទេស គ្រាប់បែកនេះរួចកាលពីម្សិលមិញ»។

ស៊ីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕