(ភ្នំពេញ)៖ បុរី Soleil88 ជាគម្រោងថ្មីមួយទៀតហើយ ដែលបានលេចរូបរាងនៅកម្ពុជាដ៏ប្រណិត និងស្ថិតនៅក្នុងទីតាំងដ៏មានសក្ដានុពល ដោយនៅចំកណ្តាលនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសួនឧស្សាហកម្ម ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានសម្ពោធការបើកលក់ជាផ្លូវការហើយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លោក Nixon Lee នាយកក្រុមហ៊ុន Penta Global Ltd. ជាក្រុមហ៊ុនអចលនទ្រព្យថ្មី មកអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ បានថ្លែងថា «នេះជាគម្រោងថ្មីមួយរបស់ក្រុមហ៊ុនយើងនៅកម្ពុជា គឺអភិវឌ្ឍផ្ទះបែបទីក្រុងចំនួន៨៨ផ្ទះ ដែលមានសួនច្បារ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ ដើម្បីបង្កើតបានជាគេហដ្ឋានល្អប្លែកពីគេ។ ជាមួយនឹងការបែងចែកច្រកចេញចូល ដែលមានភាពរឹងមាំ ដើម្បីការពារសុវត្ថិភាព។ យើងមានផ្ទះចំនួន២ប្រភេទ គឺផ្ទះដែលមានកម្ពស់៣ជាន់ និងផ្ទះដែលមានកម្ពស់៤ជាន់។ ប្លង់មូលដ្ឋាន គឺធ្វើការកែប្រែជាន់ឡៅតឿឲ្យទៅជាជាន់ធំទូលាយពេញលក្ខណៈ ដើម្បីបែងចែកបន្ទប់ឲ្យមានភាពស្រឡះ និងខ្ពស់»។

ជាងនេះ លោកបន្ដថា សម្រាប់គេហេដ្ឋានទាំងនេះ គឺមានពណ៌មាស ដែលជាពណ៌តំណាងឲ្យពណ៌ព្រះអាទិត្យ ត្រូវបានប្រើប្រាស់សម្រាប់ពណ៌ផ្ទះ ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្ត របស់ប្រជាជនខ្មែរ និងផ្តល់នូវភាពទាន់សម័យដល់ផ្ទះផងដែរ។ ពណ៌ស្វាយត្រូវបានប្រើប្រាស់ជាមួយនឹងផ្ទះ ដែលមានកម្ពស់៤ជាន់ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃផ្ទះទាំងមូល។ ផ្ទះដែលមានកម្ពស់៣ជាន់ និងមាន៤បន្ទប់គេង គឺទទួលបានការពេញនិយមជាខ្លាំងនៅកម្ពុជា ចំណែកផ្ទះដែលមាន៤ជាន់ គឺអាចបត់បែនក្នុងការប្រើប្រាស់ ដែលអាចប្រើប្រាស់ជាកន្លែងធ្វើពាណិជ្ជកម្មក៏បាន ធ្វើជាលំនៅឋានស្នាក់នៅក៏បាន។

ព្រមជាមួយគ្នានោះ អតិថិជនទំាងអស់ អាចធ្វើការនៅជាន់ទី១ និងជាន់ទី២ ហើយស្នាក់នៅនៅជាន់ទី៣ និងជាន់ទី៤យ៉ាងងាយស្រួល។ ចំណែកសួនច្បារនៅជាន់ដំបូលវិញ គឺជាការបន្ថែមទៅដល់ផ្ទះនីមួយៗ។ បន្ថែមពីនេះនៅមានបរិវេណខាងក្រៅផ្ទះ ដែលអ្នកអាចសម្រាក ឬក៏កម្សាន្តជាមួយនឹងសកម្មភាពមួយចំនួន នៅបរិវេណខាងក្រៅនេះផងដែរ។

លើសពីនោះ លោកបានបន្ថែមថា «ភាពល្អប្រណិតបែបទាន់សម័យនេះ នឹងផ្ដល់ជូននូវផាសុកភាពក្នុងការរស់នៅ ។ហើយគម្រោងផ្ទះដ៏ប្រណិតនេះ នឹងលេចរូបរាងនៅទីតាំងផ្សេងទៀត នៅក្នុងឆ្នាំ២០១៩នេះ, ដូចនេះ បើលោកអ្នកមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទស្សនាផ្ទះគំរូរបស់យើងផងដែរ»

សូមជម្រាបថា Penta Global Limited, «Penta» ជាក្រុមហ៊ុនអភិវឌ្ឍអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងហុងកុង ដែលបានបើកដំណើរការ ដោយស្ថាបនិក៦រូប ដែលមានបទពិសោធន៍ខ្ពស់ ក្នុងវិស័យអចលនទ្រព្យនៅទីក្រុងហុងកុង សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសតៃវ៉ាន់។ ក្នុងឆ្នាំថ្មីនេះ Penta នឹងផ្តោតទៅលើប្រទេស ដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយកម្ពុជា គឺជាជំហានដំបូងនៅក្នុងគម្រោងរបស់ Penta។

Penta ជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដំបូង ដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន ដោយសារមូលហេតុមួយចំនួនដូចជា ដោយសាររូបិយប័ណ្ណកម្ពុជា មិនមានហានិភ័យចំពោះ Penta នោះទេ ព្រោះប្រាក់រៀលរបស់កម្ពុជា និងប្រាក់ដុល្លារសហរដ្ឋអាមេរិក គឺសុទ្ធតែអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅកម្ពុជា, ដោយសារប្រទេសនេះ មានស្ថិរភាពខាងនយោបាយ និងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដោយនៅក្នុងរយៈពេល៣-៤ឆ្នាំនេះ ហើយនឹងរយៈពេល៥ឆ្នាំទៅមុខទៀតផងដែរ ៕