(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ នាំយកសម្ភារជាអំណោយ របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២២៩គ្រួសារ នៅឃុំនីពេជ និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ នៅវត្តបិយម្ពវ័នហៅ (វត្តសង្គម)។

លោក សុខ លូ បានថ្លែងថា អំណោយទាំងអស់នេះ គឺជាអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងចាស់ជរាគ្មានទីពឹង។ លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅ ត្រូវមានអនាម័យដូចជា ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ពិសេសទឹកដែលដាំពុះប្រកបដោយសុវត្ថិភាព និងសូមឲ្យជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយគោរពសិទ្ធិ និងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ។

លោកបានបន្តថា រដូវនេះគឺរដូវសម្រក សូមឱ្យប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែវិលជុំ ដើម្បីរកប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារកាត់បន្ថយការធ្វើចំណាកស្រុក។ លោកក៏បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋទាំងពីរឃុំ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ព្រោះរដូវនេះជារដូវក្តៅ បណ្ដាលឲ្យមនុស្សនៅក្នុងសហគមន៍មានជំងឺ និងត្រូវរួមគ្នាថែរក្សាសុខភាពឱ្យបានល្អ និងរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ ឱ្យស្ថិតស្ថេរគង់វង្សប្រកបដោយនិរន្តភាព សំរាប់អនាគតយូរអង្វែង។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនដល់គ្រួសារក្រីក្រ កុមារកំព្រា និងចាស់ជរាគ្មានទីពឹងទាំងអស់រួមមានអង្ករ ២៥គីឡូក្រាម កន្ទេល១ ភួយ១ មុង១ ត្រីខ ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ៕