(ប៉ៃលិន)៖ លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីថ្មីខេត្តប៉ៃលិន ដោយលោកស្រី ចាន់ ថាវី ជំនួសលោកស្រី សៀង សូនីដា ដែលត្រូវចូលនិវត្តន៍។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមសំណាក់លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបទទួលបានតំណែងថ្មី ត្រូវគោរព និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ និងអនុវត្តន៍យ៉ាងសកម្មនូវកម្មពិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាពិសេសត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ក្នុងការអនុវត្តន៍ការងារ តាមគោលនយោបាយកម្មវិធី របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយដៃគូ ដើម្បីឱ្យលំហូរការងារ មានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា ព្រមទាំងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញការងារឱ្យទទួលបានជោគជ័យ តាមគោលនយោបាយកម្មវិធី អនុកម្មវិធីរបស់ក្រសួង។

លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ប្រធានមន្ទីថ្មី ត្រូវអនុវត្តន៍លើការងារលើកកម្ពស់សមធម៌ សីលធម៌សង្គម សំដៅសម្រេចឱ្យបាន នូវវឌ្ឍនភាពនៃការលើកកម្ពស់ស្ថានភាព ជីវភាពស្រី្ត ក្មេងស្រី និងជនងាយរងគ្រោះគ្រប់រូប ផ្តល់ឱកាស និងលើកទឹកចិត្តពួកគេ ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ ប្រកបដោយសមភាព និងសមធម៌ ពីព្រោះស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គម។

លោកស្រីបានបន្តថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាក់លាក់ជាច្រើន ក្នុងការបញ្រ្ជាបយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើត ឋានៈ តួននាទី ក្នុងការធ្វើសេចក្តីសម្រេចរួម ទាំងការបញ្ជូនទៅក្នុងច្បាប់ និងក្របខ័ណ្ឌគតិយុត្តមួយចំនួន ហើយកិច្ចខិតខំទាំងនេះ បាននាំមកនៅលទ្ធផលនៃការកើនឡើងជាបណ្តើរៗ នូវសមមាត្រស្រី្តជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា មន្ទីរកិច្ចការនារីខេត្ត មានភារកិច្ចសំខាន់ក្នុងការចូលរួមកាត់បន្ថយ អំពើហឹង្សាគ្រប់ទម្រង់មកលើស្រ្តី និងកុមារីព្រមទាំងការលើកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យអប់រំ សិក្សាធិការ ជម្រុញស្រ្តីឱ្យចូលរួមក្នុងវិស័យសេដ្ឋកិច្ច និងកិច្ចការនយោបាយ ឆ្លើយតបជាវិជ្ជាមាន ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី៕