(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា​ តាមរយៈមូលនិធិ ហោ ណាំហុង- បូរីហោ និងចូលរួមចំណែកជួយឧបត្ថម្ភដល់បុរីទារក និងកុមារជាតិ ដែលមានកុមារពិការសរុប ១៤០នាក់ ក្នុងទឹកប្រាក់១២ម៉ឺនដុល្លារក្នុង១ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារពិការកំព្រាគថ្លង់ ដើម្បីឱ្យបានសិក្សា និងបានបន្តការរស់បានតទៅមុខទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញប្រកាសបើកមូលនិធិ ហោ ណាំហុង-បូរីហោ សម្រាប់ឧបត្ថម្ភដល់បុរីទារក និងកុមារជាតិ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួម ពីលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រួមទាំងកុមារកំព្រាគថ្លង់ និងអាណាព្យាបាលជាច្រើនរូបផងដែរ នៅបុរីទារក និងកុមារជាតិ។

លោកស្រី ថោ ពៅ បានឱ្យដឹងថា បុរីទារក និងកុមារជាតិ មានកុមារពិការសរុប ១៤០នាក់ ប្រុស៧៨នាក់ ស្រី៦២នាក់ ក្នុងចំណោមកុមារទាំងនោះ មានកុមារពិការខួរក្បាលចំនួន ២៧នាក់ ពិការខួរក្បាល និងដៃជើង៣៧នាក់ ពិការរាងកាយនិងដៃជើង ៣២នាក់ ពិការភ្នែកនិងអូទីស្សីម១នាក់ ពិការភ្នែក និងផ្ទុកមេរោគអេដស៍១នាក់ ផ្ទុកមេរោគអេដស៍១៣នាក់ កុមារអូទីស្សីម១៩នាក់ ខ្សោយប្រាជ្ញា៥នាក់ និងកុមារធម្មតា ៥នាក់ ក្នុងនោះកុមារ៦៣នាក់ អាចញ៉ាំខ្លួនឯងបាន ៧៧នាក់ត្រូវការអ្នកថែទាំបញ្ចុក ២៩នាក់ញ៉ាំបបររេហ្សីម និង២៧នាក់ លេបថ្នាំប្រកាច់រៀងរាល់ថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែថា នេះមិនមែនជាលើកទីមួយទេ ដែលលោកបានជួយកុមារពិការ និងមានជំងឺផ្សេងៗ នៅបុរីទារក និងកុមារជាតិនេះ ដោយមានការអាណិតអាសូរខ្លាំង ចំពោះកុមារដ៏អភ័ព្វទាំងនេះ ដែលជាកុមារកំព្រា និងពិការផង ដែលត្រូវពុកម្ដាយបោះបង់ចោល ខ្ញុំក៏បានផ្តល់ជំនួយម្ដងៗដែរ ប៉ុន្តែកន្លងមកទោះជាមានមនោសញ្ចេតនា ជ្រាលជ្រៅយ៉ាងណាក៏ដោយ ក៏លោកពុំបានជួយឧបត្ថម្ភទៀងទាត់ដែរ។ ដូចនេះហើយបានជាលោក និងក្រុមគ្រួសារទាំងអស់ បានសម្រេចរួមគ្នាបង្កើត ជាមូលនិធិនេះឡើង ដើម្បីប្រមូលធនធានទាំងអស់គ្នា ជួយដល់បុរីទារក និងកុមារជាតិនេះ ដោយសង្ឃឹមថា ការឧបត្ថម្ភតិចតួចនេះ បានទៀងទាត់រាល់ឆ្នាំ និងអាចជួយសម្រួលដល់កុមារពិការ និងកំព្រាទាំងអស់នេះបានខ្លះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីការឧបត្ថម្ភថ្ងៃនេះ មូលនិធិ ហោ ណាំហុង- បូរីហោ នឹងខិតខំរកមធ្យោបាយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីជួយឧបត្ថម្ភកុមារពិការ ឬជនពិការនៅកន្លែងផ្សេងៗ ទៀត ហើយមូលនិធិនេះ គឺជាការរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ច របស់រាជរដ្ឋាភិបាល ពិសេសការផ្តល់ជំនួយ ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការនៅទូទាំងប្រទេសផងដែរ។

លោកបានបន្ថែមថា បើតាមចិត្តលោក ការជួយ១២ម៉ឺនដុល្លារនេះ ក៏នៅតែតិចតូចដែរ ត្បិតតែវានៅមិនគ្រប់គ្រាន់ក្តី ប៉ុន្តែក៏អាចជួយបានក្នុងកម្រិតតូចមួយ សម្រាប់អាហារូបត្ថម្ភ ដល់កុមារកំព្រាគថ្លង់នេះ ឱ្យមានកម្លាំងអាចបន្តរស់តទៅទៀត និងជាការជួយឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ ដែលនៅមើលថែកុមារ ដែលគួរឱ្យអាណិតទាំងអស់នេះ។

លោកបានបញ្ជាក់ទៀតថា កាបង្កើតមូលនិធិនេះ ក៏នឹងទៅជួយដល់កុមារពិការ នៅខេត្តកំពង់ចាមផងដែរ នៅវិទ្យាល័យអប់រំពិសេស ដែលមានក្មេងពិការប្រហែលជាង ១០០នាក់ ដូចនេះមូលនិធិនេះ និងជួយកុមារពិការ កំព្រាបានជាង៣០០នាក់ រួមទាំងអ្នកថែទាំប្រមាណជិត ១០០នាក់ផងដែរ ហើយអ្វីដែលលោកសម្រេចដូចនេះ​ គឺដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារកំព្រា​ ដើម្បីឱ្យបានសិក្សា និងរស់នៅឱ្យបានធូរធារបន្តិច ហើយក៏ដើម្បីចូលរួមចំណែក ក្នុងបេសកកម្មរបស់ក្រសួងសង្គមកិច្ច ដែលដឹងនាំដោយ លោក វង សូត្រ ក្នុងការការពារជនពិការ និងជាពិសេសទៀតនោះ ជាការចូលរួមចំណែក នូវការជួយឧបត្ថម្ភដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានចំណាយថវិការយ៉ាងច្រើនដើម្បីជួយដល់ជនពិការផងដែរ៕