(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គការ GIZ ​ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា និងប្រកាសបើកផ្លូវការ កម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាត​មីក្រូ តូច និងមធ្យម នៅកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សុន សេងហួត អនុរដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Guenter Rithmacher នាយកគ្រប់គ្រង អង្គការ GIZ ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពី អ្នកពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ​លោក សុន សេងហួត បានលើកឡើងថា ពិធីចុះហត្ថលេខា និងប្រកាសបើកកម្មវិធីអភិវឌ្ឍន៍ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការផ្តល់នូវបច្ចុប្បន្នភាព ព័ត៌មាន ក៏ដូចជាគោលនយោបាយថ្មីៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្ត បន្តនូវការងារជំរុញលើកទឹកចិត្ត ដល់វិស័យសហគ្រាសខ្នាតមីក្រូតូច​ និងមធ្យម នៅក្នុង​កម្ពុជា។

លោកបន្ថែមថា វេទិការនេះក៏បានចូលរួម​ស្តាប់អំពីលទ្ធផល នៃកម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា ព្រមទាំងការផ្តល់នូវធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ​GIZ អំពីបញ្ហាប្រឈមនានា របស់សហគ្រាសខ្នាតមីក្រ តូច និងមធ្យម នៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុង​ការកំណត់នូវ សុចនាករថ្មីមួយ ក្នុងគោលបំណងបង្កលទ្ធភាពងាយស្រួល ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឲ្យមានលទ្ធភាពអភិវឌ្ឍន៍កែលម្អខ្សែរចង្វាក់ផលិតកម្ម និងពង្រីកអាជីវកម្មរបស់ខ្លួន។

មន្ដ្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បញ្ជាក់ទៀតថា ស្របពេលនឹងការទទួលបានការលើកទឹកចិត្ត សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ទៅលើ
ផ្នែកពន្ធដារ និងទទួលបានហិរញ្ញប្បទាន ក្រសួងក៏បានចូលរួមដោះស្រាយ និងស្វែងរកដំណោះស្រាយផ្សេង ទៀតអំពីបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងផ្នែក ផ្សេងៗទៀត ដូចជា បញ្ហាគុណភាពរបស់ផលិតផលស្តង់ដា​ ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

លើសពីនេះ លោក សុន សេងហួត ​ស្នើឲ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម​ខ្លួនឯង​ផ្ទាល់ ត្រូវខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ខ្លួនបន្ថែម ព្រមទាំងព្យាយាមរកនូវបច្ចេកទេស បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿងម៉ាស៊ីនទំនើប និងទាន់សម័យក្នុងផលិតកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ឈ្នះរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។

ជាមួយគ្នានេះ លោក ឡាំ គីមឡេង អគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក៏បានសូមថ្លែងអំណរគុណ​ចំពោះចំពោះរដ្ឋាភិបាល និង​ប្រជាជនអាល្លឺម៉ង់ ដែលបានលះបង់ធនធានបង្កើតគម្រោងនេះឡើង ដើម្បីជួយអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យ ​នៅកម្ពុជា។ លោកថា គម្រោងនេះផ្តោតសំខាន់ទៅលើការ ពង្រឹងសមត្ថភាពគ្រប់គ្រង បច្ចេកទេស​ផលិតកម្មល្អ អនាម័យល្អ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងខ្សែរចង្វាក់ផលិតកម្ម។

ដោយឡែក លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងជាប្រធានគម្រោងនេះ បានធ្វើការប្ដេជ្ញាចិត្ត នឹងបន្ដកិច្ចសហការជាមួយ អង្គការ GIZ ដើម្បីឲ្យកសាងផែនការសកម្មភាពលម្អិត ក្នុងន័យសម្រេចបាននូវផែនការនៃគម្រោងនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។

សូមជម្រាបថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១​ ដែលមានថវិកាចំនួន៣លានយូរ៉ូ (ប្រហែល​ជាង ៣,៣ លាន​ដុល្លារ​អាមេរិក)។ លោក ឈាន ឡាយហ៊ី បានបន្ថែមថា​ ខេត្តដែលត្រូវអនុវត្តនូវគម្រោងនេះរួមមាន បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ៕​