(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសថ្កោលទោសចំពោះទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលបានបង្ហោះនូវព័ត៌មានក្លែងក្លាយ បំភ្លៃការពិត ក្នុងគោលបំណងទុច្ចរិត ញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា បង្កអស្ថិរភាព និងសន្តិសុខក្នុងសង្គម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយពុំអាចលើកលែងបាន។

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា «យើងខ្ញុំសូមប្រកាសគាំទ្រជាឱឡារិក នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕