(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC គ្រោងនឹងសាងសងទីក្រុងរណបថ្មីលើផ្ទៃដី ជាង១០០ហិកតាស្ថិតនៅតាមដងទន្លេរចាកចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើតាមការឲ្យដឹងពីលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក ទូច សំណាង ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំនិតិវិធីច្បាប់ ដើម្បីស្នើសុំពីរដ្ឋាភិបាលលើគំរោងអភិវឌ្ឍន៍នេះ។ ប៉ុន្ដែសម្រាប់ទុនវិនិយោគលើគម្រោង និងការសាងសងលោកពុំទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។

លោកបញ្ជាក់ថា «គម្រោងនេះពិតជាមានពិតមែន ដែលទំហំផ្ទៃដីនៃទីក្រុងថ្មីនេះ មានជាង១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ននេះដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ដនៅទីនោះផងដែរ»

លោកបន្ថែមថា ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដោយឡែកសម្រាប់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឲ្យដឹងថា នេះជារឿងល្អក្នុងការកសាងទីក្រុងថ្មីនេះ។ ការកសាងទីក្រុងថ្មីនេះនឹងជួយឲ្យវិស័យសំណង់ និងអចលនវត្ថុនៅកម្ពុជាកាន់តែ មានទំនុកចិត្តខ្ពស់ថែមទៀត។

លោកបន្តថា «ការកសាងទីក្រុងរណបនេះនឹងជួយរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែប្រសើរឡើង ពិសេសទីក្រុងភ្នំពេញនឹងកាន់តែមានភាពរសរវើក និងស៊ីវិល័យ»