(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ៧៨ ​នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវឯកសារក្លែងក្លាយបំភ្លៃការពិត ត្រូវបានចែកចាយដោយទណ្ឌិត សម រង្សី នៅក្នុង Facebook របស់ខ្លួនក្នុងគោលបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កឲ្យមានភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្ស គ៧៨ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមសេចក្ដីថ្លែងការណ៍របស់នៃគណៈកម្មាធិការគណបក្ស គ៧៨ បញ្ជាក់ថា «ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្ស គ៧៨ គ្រប់ជាន់ថ្នាក់​ថ្កោលទោស​យ៉ាងដាច់អហង្ការ ចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជន ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ យកមកផ្តន្ទាទោសឲ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជា​ធរមាន​»

យោងតាមសេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា «យើងខ្ញុំទាំងអស់គ្នា ស្ថិតនៅជានិច្ចជាមួយប្រជាជន បក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្ស គ៧៨ គ្រប់ជាន់ថ្នាក់​ទាំងមូលសូមគាំទ្រ និងគោរព​នូវតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តមបំផុតរបស់​សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំ រាជរដ្ឋាភិបាល និងជាអគ្គមគ្គទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិក គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕​